ក្រុមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឡើងប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ

7851

ក្រុមក្រសួងសេដ្ឋកិច្ច និងក្រុមក្រសួងការងារ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញនៅទីលាន Premium Sport Club នៃពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន លើកទី ៦ រដូវកាល ២០១៩ បន្ទាប់ពីយកឈ្នះកូប្រកួតរៀងៗខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ។

ក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវភាពខ្លាំងរបស់ខ្លួនមិនគួរឲ្យជឿលើគូប្រកួត ក្រុមធនាគារជាតិ នៃកម្ពុជា ដោយយកឈ្នះក្នុងលទ្ធផល ៤​ ទល់នឹង ២ ។

ដោយឡែក ១ប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នានេះដែរ គឺក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបើកការនាំមុខលើក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវគ្គទី​ ១ ប៉ុន្តែនៅវគ្គទី ២ កីឡាករនៃក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើសម្រេចបាន ១ គ្រាប់ តាមស្មើ ១:១ រហូតដល់ បញ្ចប់ការប្រកួតពេញម៉ោង ៧០ នាទី ។ ក្រុមទាំងពីរត្រូវបានកាត់សេចក្តី ដោយបាល់ ១ ១ម៉ែត្រ ដោយក្រសួងសាធារណការ និងដឹកជញ្ជូនទាត់បញ្ជូលទីបាន ៤ គ្រាប់ ខណៈ ក្រសួងការងារធ្វើសម្រេចបានទាំង ៥ គ្រាប់ ហើយទទួលបានជ័យជម្នះ ៥:៤ តែម្តង ។

ដូច្នេះ ២ ក្រុមដែលត្រូវឡើងទៅប្រជែងម្ចាស់ដំណែងជើងឯក ពានរង្វាន់មិត្តភាពយុវជនអន្តរ ក្រសួងស្ថាប័ន រដូវកាល២០១៩នេះ គឺក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវប៉ះជាមួយ អតីតក្រុមម្ចាស់ដំណែងជើងឯក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

រីឯ ២ ក្រុមដែលចាញ់ៗ គឺធនាគារ ជាតិ នៃកម្ពុជាត្រូវប្រកួតប្រជែងជាមួយក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមចំណាត់ ថ្នាក់ លេខ ៣ នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី