
គ្រូបង្វឹក Real Madrid លោក Zidane បាននិយាយថាក្រុមរបស់ខ្លួនមិនសមនឹងទទួលបរាជ័យនៅចុងម៉ោងនៃតង់ទីពីរនេះសោះ ដែលធ្វើឲ្យពួកគេត្រូវបាន Espanyol បំបាក់ក្នុងលទ្ធផល ១-០ កាលពីរាត្រីថ្ងៃអង្គារ។ Zidane មិនបានដាក់ឲ្យ Cristiano Ronaldo ចូលលេងទេដោយសារខ្លួនគិតថា Madrid នឹងមានសុវត្ថិភាពទោះបីក្រុមរបស់ខ្លួនបានត្រឹមស្មើក៏ដោយ ប៉ុន្តែការទាត់បាល់លើអាកាសមួយជើងរបស់ Gerard Moreno រំលងដៃអ្នកចាំទី Keylor Navas ។
បរាជ័យលើកនេះបានធ្វើឲ្យ Madrid ស្ថិតនៅលេខរៀងទី ៣ ចាញ់ Barcelona ១៤ពិន្ទុ ដោយ Barcelona នៅមានមួយប្រកួតក្នុងដៃ។ ហើយវាក៏ជាការបញ្ចប់កំណត់ត្រាឈ្នះ៧ដងជាប់គ្នារបស់ Real Madrid ផងដែរ។ លោក Zidane បាននិយាយថា «យើងចាប់ផ្តើមបានយ៉ាងល្អ និងមានឱកាសជាច្រើនដែរក្នុងការស៊ុតបញ្ចូលទី ប៉ុន្តែនៅតង់ទីពីរយើងធ្វើមិនបានល្អដូចតង់ទីមួយសោះ»។
«នៅតង់ទីពីរយើងលេងមិនបានល្អ ហើយក៏មិនអាចដាក់សម្ពាធបានច្រើនដែរ តែទោះយ៉ាងណាក្តីលទ្ធផលចាញ់នេះគឺមិនគួរកើតមានសោះ។»
«Espanyol បង្កើតឱកាសបានតិចតួចប៉ុណ្ណោះ។ នេះជាការវាយប្រហារមួយដ៏គួរឲ្យឈឺចាប់ និងជាលទ្ធផលដ៏អាក្រក់។ ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះក្រុមទាំងមូល។»
គាត់បានបន្ថែមថា «បាល់ទាត់គឺមានភាបនឹងស្មានមិនដល់ច្រើនណាស់។ យើងធ្លាក់ទម្រង់លេងនៅតង់ទីពីរ ហើយអ្នកត្រូវតែទទួលដឹងអំពីកិច្ចការមួយចំនួនដែលធ្វើឲ្យអ្នកតានតឹង»
«ចូលដល់តង់ពីរភ្លាម យើងលេងមិនបានល្អគ្រប់ចំណុច។ បន្ទាប់ពីលេងបានយ៉ាងល្អក្នុងប្រកួតកន្លងមក ជ័យជម្នះជាប់គ្នារបស់យើងត្រូវបញ្ចប់ត្រឹមនេះ។»
ដោយ៖តារា