
អនុប្រធានសហព័ន្ធកីឡាបាល់ទាត់របស់អ៊ីតាលីលោក Alessandro Costacurta បានបង្ហើបឲ្យដឹងថា Antonio Conte ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹប Chelsea គឺជាជម្រើសដំបូងរបស់គាត់សម្រាប់តំណែងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ។
Conte បានដឹកនាំ Azzurri (ក្រុមជម្រើសជាតិអ៊ីតាលី) មុនពេលកាន់តំណែងថ្មីនៅ Stamford Bridge ជំនួសលោក Cesare Prandelli នៅខែសីហា ឆ្នាំ ២០១៤ ហើយគាត់បានចាកចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីក្រុមបានឈានដល់វគ្គប្រាំបីក្រុមចុងក្រោយនៅ Euro ២០១៦ ។
លោក Alessandro Costacurta
អ៊ីតាលីហាក់មិនមានសំណាងសោះ ចាប់តាំងពីការចាកចេញរបស់ Conte ដោយធ្លាក់មិនបានទៅចូលរួមក្នុងការប្រកួត World Cup ២០១៨។ ជាលទ្ធផល Gian Piero Ventura ត្រូវបានបណ្តេញចេញពីតំណែង ហើយបានតែងតាំង Luigi Di Biagio ជាគ្រូបង្វឹកជំនួសបណ្តោះអាសន្ន។
លោក Gian Piero Ventura
អតីតខ្សែការពាររបស់ AC Milan លោក Costacurta ជាអ្នកទទួលខុសត្រូវលើការស្វែងរកគ្រូបង្វឹកថ្មីសម្រាប់ដឹកនាំក្រុមជម្រើសជាតិ ហើយគាត់បានបង្ហាញអ្នករាល់គ្នាយ៉ាងច្បាស់នូវគ្រូបង្វឹកដែលគាត់ពេញចិត្ត។
គាត់បាននិយាយថា៖ «ខ្ញុំមិនទាន់បានជ្រើសរើសនៅឡើយទេ ប៉ុន្តែខ្ញុំគិតថា Conte គឺជាមនុស្សដែលស័ក្តិសមបំផុត។ ខ្ញុំនឹងពិភាក្សាជាមួយគាត់ក្នុងរយៈពេលពីរបីខែទៀត»។
លោក Conte
«គាត់បានបង្ហាញឲ្យឃើញរួចហើយថាគាត់ដឹងពីរបៀបដឹកនាំក្រុមជម្រើសជាតិ ខណៈពេលដែលអ្នកផ្សេងទៀតមិនទាន់បានបង្ហាញនៅឡើយទេ។ តែនេះមិនមែនមានន័យថាខ្ញុំមិនពេញចិត្តនឹង Mancini ឬ Ancelotti ឡើយ បើទោះបី Ancelotti ហាក់ដូចជាបានដកខ្លួនចេញពីការជ្រើសរើសនេះក៏ដោយ»។
ក្រុមជម្រើសជាតិ អ៊ីតាលី
ការបង្ហើបរបស់ Costacurta បានបន្ថែមកម្តៅបន្ថែមទៀត ខណៈពេលដែលអនាគតរបស់ Conte នៅ Chelsea កំពុងតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ បើទោះបីជាបានលើកពាន Premier League កាលពីរដូវកាលមុនក៏ដោយ ក៏ក្រុមតោខៀវបានបាត់បង់ឱកាសការពារតំណែងជើងឯកទៅហើយ ព្រមទាំងបានខ្ទាត់ចេញពីក្រុមកំពូលទាំង ៤ នៅក្នុងតារាងដោយសារតែចាញ់ Manchester United ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យនេះ។
ដោយ៖ តារា