ទោះស៊ុតមិនចូលក៏គ្រូ Juventus លោក Allegri នៅតែសរសើរ Ronaldo មិនដាច់ពីមាត់

7888

គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានចេញមុខការពារខ្សែប្រយុទ្ធ Cristiano Ronaldo ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Atletico Madrid កាលពីព្រឹកថ្ងៃពុធ ។​ ១ គ្រាប់ម្នាក់របស់ Jose Gimenez និង Diego Godin បានជួយឱ្យ Atletico Madrid ទទួលបានជ័យជំនះក្នុងការប្រកួតជើងទី ១ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយនៅក្នុងកីឡដ្ឋាន Wanda Metropolitano ។

Ronaldo បានស៊ុតចំគោលដៅតែ ១ ដងប៉ុណ្ណោះនៅក្នុងការស៊ុត ៣ ជើងរបស់ Juventus នៅក្នុងជំនួបនេះ ខណះក្រុមរបស់លោក Diego Simeone ស៊ុតចំគោលដៅរហូតដល់ ៥ ដង និងសម្រេចទីបានចំនួន ២ គ្រាប់ ។ ប៉ុន្តែលោក Allegri នៅតែសរសើរការបង្ហាញទម្រង់លេងរបស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ហើយបាននិយាយថាការបរាជ័យនេះនឹងផ្តល់ប្រយោជន៍ដល់ជើងទី ២ នៅទីក្រុងទូរីននាថ្ងៃទី ១៣ ខែមីនាខាងមុខ ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា៖ ” Ronaldo លេងបានយ៉ាងល្អ ។ គាត់មានទំនុកចិត្តលើការប្រកួតប្រភេទនេះ ហើយគាត់មិនមែនជាមនុស្សអាក្រក់នោះទេ ។ យើងបានខកខានទាំងអស់នៅតង់ទីពីរក្នុងនាមជាក្រុមមួយ ហើយការប្រកួតនេះនឹងមានប្រយោជន៍ចំពោះការទទួលបានជើងទី ២ ” ។

កីឡាករទើបឈានចូលវ័យ ៣៤ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់លំដាប់កំពូលរបស់អ៊ឺរ៉ុបនេះជាមួយនឹងក្លឹប Manchester United កាលពីឆ្នាំ ២០០៨ មុនពេលឈ្នះជាមួយក្លឹប Real Madrid ចំនួន ៤ ដង ដោយរួមបញ្ចូលទាំងការស៊ុតបញ្ចូលទីទាំងពីរលើកក្នុងជំនួបជាមួយ Atletico Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាល ២០១៤ និង ២០១៦ ផងដែរ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី