វិសាខា បង្ហាញភាពខ្លាំងរបស់ខ្លួនមុនបើករដូវកាល ប្រកួតមិត្តភាព ១៧ លើកចាញ់តែម្ដងគត់

14030

ក្រុមម្ចាស់ផ្ទះវិសាខា បានបើកទ្វារពហុកីឡដ្ធានស្វាគមន៍ការប្រកួតមិត្តភាព លើកទី ១៧ ជាមួយក្រុមគីរីវង្សសុខសែនជ័យ ហើយក៏ជាការប្រកួតលើកចុងក្រោយមុនរដូវកាលប្រកួតលីកកំពូលកម្ពុជា មកដល់កាលពីល្ងាចម្សិលមិញ ដោយបានយកឈ្នះ ក្រុមភ្ញៀវ ២-០ ។

លោក ហុក សុជីវ័ន គ្រូបង្គោលរបស់ក្លិបបាល់ទាត់វិសាខា បានឱ្យដឹងថា មួយរយៈក្លិបរបស់លោក តែងតែធ្វើការប្រកួតមិត្តភាព ជាបន្តបន្ទាប់រហូតដល់ទៅ ១៧ លើក មានទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុក ។ ហើយការប្រកួតនេះទៀត គោលបំណងសំខាន់ គឺដើម្បីបង្កើនសមត្ថភាពបច្ចេកទេស មើលពីគុណភាព ថាមពលកម្លាំងរបស់កីឡាកររបស់ខ្លួន ក៏ដូចជាក្រុមដែលត្រូវប្រកួតជាមួយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ ២០១៩ គ្រោងនិងចាប់ផ្ដើមនាខែមិនាខាងមុខនេះ ។

ហើយក្នុងចំណោមការប្រកួតមិត្តភាពកំដៅសាច់ដុំ ទាំង ១៧ ប្រកួតនេះទៀត ក្លិបបាល់ទាត់វិសាខាបាន យកឈ្នះ ១២ ប្រកួតស្មើ ៤ ប្រកួតចាញ់ ១ ប្រកួត ។ ឆ្លងកាត់ការប្រកួតជាច្រើនលើកមកនេះ ក្លិបបាល់ទាត់វិសាខា ធ្វើការជ្រើសរើសរួចហើយ សម្រាប់ កីឡាករកម្ពុជាចំនួន ២៧ នាក់ ដើម្បីហ្វឹកហាត់បន្ត ។

ដោយឡែកនៅតែកីឡាករបរទេសប៉ុណ្ណោះ ដែលនៅមិនទាន់ជ្រើសរើសបាន ដោយតម្រូវការរបស់ក្លិបចង់បាន ពី ៤ ទៅ ៥ នាក់ ។ ហើយការប្រកួតនេះ គឺជាការធ្វើតេសចុងក្រោយ ដើម្បីពិចារណាថាកីឡាករបរទេសរូបណា ដែលក្លឹបយកមកពង្រឹងចំនុចខ្វះខាតអោយកាន់តែខ្លាំង ដើម្បីឆ្ពោះទៅគ្រងជើងឯកលីកកំពូលកម្ពុជា រដូវកាលថ្មី ២០១៩ ។

ចំពោះកីឡាករបរទេសដែលមកធ្វើតេសអស់មួយរយៈ ជាមួយក្លិបវិសាខាគឺមានច្រើនសាសន៍ ដូចជា ជប៉ុន កូរ៉េ នីហ្សេរីយ៉ា អាមេរិក អាល្លឺម៉ង់ជាដើម ។ ហើយទោះបីជាជ្រើសបានក៏ដោយ បើការប្រកួតរដូវកាលថ្មីមិនទាន់មកដល់ គឺក្លិបមិនអាចង្ហើបឱ្យដឹងបានឡើយ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី