ប្រធានក្លឹប PSG ៖ ២០០០ ភាគរយគឺ Neymar និង Mbappe នឹងស្នាក់នៅ PSG បន្ត

8517

យោងតាមលោក Nasser Al-Khelaifi ប្រធានក្លឹបយក្សរបស់ក្របខ័ណ្ឌ Ligue 1 បាននិយាយថា Paris Saint-Germain នឹងមិនត្រូវលក់ Neymar ឬ Kylian Mbappe ដើម្បីបំពេញតាមបទបញ្ជាហិរញ្ញវត្ថុ (FFP) ឡើយ ។

Paris Saint-Germain កាលពីឆ្នាំមុនបានច្រានចោលការចោទប្រកាន់ដែលធ្វើឡើងដោយ Der Spiegel និង Mediapart ថាក្លឹបនេះបានចាយប្រាក់លើសចំណូលដែលវាខុសពីច្បាប់របស់ FFP ( ច្បាប់ចាយលើសចំណូលរបស់ UEFA ) ដែលអាចជម្រុញឲ្យក្រុមម្ចាស់ជើងឯកបារាំងមួយនេះលក់កីឡាករឆ្នើមរបស់ខ្លួនមួយចំនួនចេញ ។ អ្នកខ្លះបានអះអាងថា PSG នឹងពិចារណាលក់ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ពួកគេឱ្យស្របតាមច្បាប់របស់ UEFA នេះ ប៉ុន្តែលោក Al-Khelaifi ដែលជាម្ចាស់ក្លឹបបានបដិសេធថា PSG នឹងមិនត្រូវការប្រាក់អំពីការលក់ Neymar ឬ Mbappe នោះឡើយ ។

លោក Al-Khelafi បានប្រាប់ទៅសារព័ត៌មាន Le Parisien ថា៖ ” វាមិនមែន ១០០ ភាគរយទេ ប៉ុន្តែគឺ ២,០០០ ភាគរយ ។ ពួកគេនឹងស្នាក់នៅទីក្រុងប៉ារីស ហើយប្រព័ន្ធផ្សព្វផ្សាយជាច្រើនជាពិសេសនៅប្រទេសបារាំងអះអាងថាយើងនឹងត្រូវការលក់ Neymar ឬ Kylian ហើយខ្ញុំចង់បញ្ជាក់ថា Kylian និង Neymar នឹងស្នាក់នៅទីនេះ ។ ពិតណាស់យើងចង់ទិញនៅក្នុងការរៀបចំហិរញ្ញវត្ថុ Fair Play យើងមានទំនុកចិត្តយើងមានមធ្យោបាយដើម្បីជ្រើសរើស ” ។

សូមរំលឹកផងដែរថា ក្លឹប Paris Saint-Germain កាលពីរដូវកាលក្ដៅឆ្នាំ ២០១៧ បានចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការចុះហត្ថលេខាបំបែកកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូលើខ្សែប្រយុទ្ធឆ្នើម Neymar ពីក្លឹប FC Barcelona និងការទិញផ្ដាច់កុងត្រាកីឡាករវ័យក្មេង Kylian Mbappe ពីក្លឹប AS Monaco ក្នុងតម្លៃខ្លួន ១៨០ លានអឺរ៉ូ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី