
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានចេញមកសម្តែងការគាំទ្រចំពោះគ្រូបង្វឹក Arsenal លោក Arsene Wenger ដោយនិយាយថាគាត់នៅគាំទ្រគ្រូបង្វឹកទាំងឡាយដែលកំពុងទទួលរងសម្ពាធ។
Wenger ត្រូវបានរងពាក្យរិះគន់ក្រោយពីទទួលបរាជ័យក្នុងលទ្ធផល ៣-០ ពេលប៉ះជាមួយ City នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup កាលពីថ្ងៃអាទិត្យ រីឯគ្រូបង្វឹក City បានសម្តែងក្តីអាណិតអាសូរចំពោះស្ថានភាពរបស់គាត់។
ក្រុមទាំងពីរនឹងប៉ះគ្នាម្តងទៀតនៅរាត្រីថ្ងៃព្រហស្បតិ៍ នៅពេលដែល City ត្រូវធ្វើដំណើរទៅកាន់ទឹកដី Emirates សម្រាប់ការប៉ះគ្នាក្នុង Premier League ដោយយើងនឹងឃើញថាមួយណាដែលអាចបន្តនាំមុខលើកំពូលតារាងដោយឈ្នះដាច់ ១៦ ពិន្ទុ។
Guardiola បាននិយាយនៅក្នុងសន្និសីទកាសែតនៅមុខការប្រកួតថា៖ «ខ្ញុំតែងតែគាំទ្រសហសេវិករបស់ខ្ញុំពីព្រោះយើងមានអារម្មណ៍ថាព្រោះយើងយល់អារម្មណ៍ទាំងពេលឈ្នះ និងពេលចាញ់។
«យើងទទួលយកការយល់ឃើញរបស់អ្នកគាំទ្រ និងមនុស្សគ្រប់គ្នាដែលនេះធ្វើឲ្យយើងមានអារម្មណ៍ឯកា។ ជឿខ្ញុំទៅ អ្នកនឹងមានអារម្មណ៍ឯកានៅពេលដែលអ្នកមានអម្រែកច្រើននៅលើស្មា។
«ខ្ញុំយល់យ៉ាងច្បាស់។ ខ្ញុំចង់ប្រាប់គាត់ថាខ្ញុំនឹងនៅក្បែរគាត់ និងឈរខាងគាត់ជានិច្ច។ ហេតុនេះហើយទើបខ្ញុំមិនយល់សោះថាហេតុអ្វីបានជាមានគ្រូបង្វឹកខ្លះទៅរិះគន់គ្រូបង្វឹកផ្សេងទៀតនោះ។
«ខ្ញុំមិនអាចលើកដៃផ្ញើសារទៅអ្នកដទៃពីទីនេះបានទេ នៅពេលដែលយើងគ្រប់គ្នាយល់ច្បាស់ហើយថា អ្នកមានអារម្មណ៍បែបណានៅពេលដែលអ្នកចាញ់។ អ្វីដែលកើតឡើងចំពោះគាត់ ក៏អាចនឹងកើតឡើងចំពោះខ្ញុំដែរនៅពេលអនាគត។ ពេលនេះខ្ញុំឈ្នះ ខ្ញុំល្អ។ រីឯលោក Arsene Wenger គាត់ចាញ់ គាត់មិនល្អឬ?»
ដោយ៖ តារា