
ក្លឹបបាល់ទាត់ ណាហ្គាវើលដ៍ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នាម៉ោង ៥ៈ០០ នាទីល្ងាចថ្ងៃទី ២៤ ឆ្នាំ ២០១៩ នេះដើម្បីទៅប្រកួតជាមួយក្លឹប Hanoi FC ក្នុងពានរង្វន់លំដាប់ទីពីររបស់ទ្វីបអាស៊ី ។
ក្លឹបបាល់ទាត់ ណាហ្គាវើលដ៍ ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឬ Metfone Cambodian League រដូវកាល ២០១៨ នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា លេងនៅក្នុងពានរង្វាន់លំដាប់ទី ២ របស់ទ្វីបអាស៊ី ដែលអ្នកទាំងអស់គ្នាស្គាល់ថា AFC Cup 2019 ដែលស្ថិតនៅក្នុងពូល F ។
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ីបានចាប់ឆ្នោត ដែលបានឃើញថា ណាហ្គាវើលដ៍ ស្ថិតនៅក្នុងពូល F ជាមួយក្រុមខ្លាំងដូចជាក្លឹប Hanoi FC ( ម្ចាស់ជើងឯកលីគកំពូលវៀតណាម ) ក្លឹប Tampines Rovers ( ជើងឯករងលីគកំពូលសិង្ហបុរី ) និងក្លឹប Yangon United ( ម្ចាស់ជើងឯកលីគកំពូលម៉ាយ៉ាន់ម៉ា ) ។ ខណះការប្រកួតដំបូងរបស់ ណាហ្គាវើលដ៍ នឹងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Hanoi FC នៅថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០១៩ នេះ ។
សូមបញ្ជាក់ផងដែរថា ការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC Cup 2019 នេះនឹងចាប់ផ្ដើមការប្រកួតនៅចុងខែ កុម្ភះ នេះតាមរូបមន្តវិលជុំសន្សំពិន្ទុ ដែលការប្រកួតសរុបមាន ៦ ប្រកួត ( ក្នុងដីនិងក្រៅដី ) ដើម្បីយកតែ ១ ក្រុមប៉ុណ្ណោះឡើងទៅកាន់វគ្គបន្ត ៕
ដោយ៖តារា