មុនប៉ះគ្នាបន្តិចទៀត Henderson ថា Liverpool ត្រូវតែល្អបំផុតដើម្បីបញ្ឈប់ភាពមិនដែលចាញ់ Man Utd

7334

ប្រធានក្រុមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Jordan Henderson កំពុងព្រួយបារម្ភអំពីការឡើងជើងរបស់ក្លឹប Manchester United ខណៈក្លឹបទាំងពីនេះនឹងត្រូវប៉ះគ្នាក្នុងរាត្រីនេះនៃក្របខ័ណ្ឌ Premier League ។

ក្លឹបបីសាចក្រហម Manchester United ត្រូវបានទទួលរងបរាជ័យ ៣-១ ក្រោមថ្វីជើងរបស់ Liverpool នៅឯទឹកដី Anfield កាលពីខែធ្នូ ដែលជាលទ្ធផលមួយដែលធ្វើឱ្យលោក Jose Mourinho ត្រូវបណ្តេញចេញហើយបាននាំឱ្យលោក Ole Gunnar Solskjaer មកដឹកនាំក្រុមជំនួស ។ ក្រោមការដឹកនាំរបស់លោក Solskjaer មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីការចូលមកកាន់ដំណែងរបស់លោក ដោយបានទទួលជ័យជម្នះចំនួន ៨ លើកក្នុងការប្រកួត ៩ លើក មុនពេលជំនួបក្នុងរាត្រីនេះមកដល់ ។ ហង្សក្រហម Liverpool អាចនឹងឈរពីលើក្លឹប Manchester City ចំនួន ៣ ពិន្ទុភ្លាមៗនិងវិលត្រឡប់ទៅកាន់កំពូលតារាងវិញ  ប្រសិនបើពួកគេបានផ្តួលក្រុម Man United នាវេលាម៉ោង ៩ៈ០៥ នាទីយប់ថ្ងៃអាទិត្យនេះក្នុងកីឡដ្ឋាន Old Trafford បាន ។

ខ្សែការពារ និងជាប្រធានក្រុមកីឡាករ Henderson បានមានប្រសាសន៍ថា៖ ” វាជាការប្រកួតផ្សេងគ្នារបស់ Man United ។ ពួកគេកំពុងតែមានភាពប្រសើរជាងមុននៅពេលនេះ ។ ពួកគេស្ថិតក្នុងទម្រង់ល្អប្រសើរជាងមុន ហើយអ្នករាល់គ្នាអាចមើលឃើញ ។ ទម្រង់លេងរបស់ពួកគេទល់នឹង Chelsea នៅក្នុងការប្រកួត FA Cup គឺពិតជាល្អខ្លាំងណាស់ ។ ការវាយសម្រុករបស់ពួកគេគឺល្អណាស់ហើយខ្សែការពាររបស់ពួកគេក៏មានភាពរឹងមាំណាស់ដែរ ” ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបន្តថា៖ ” ពួកគេគឺជាក្រុមដ៏ល្អលំដាប់កំពូល ជាមួយកីឡាករកំពូលៗ ដូច្នេះវានឹងក្លាយជាការសាកល្បងដ៏លំបាកមួយទៀតសម្រាប់យើងទៅលេងនៅ Old Trafford ។ យើងនឹងត្រូវស្ថិតនៅទម្រង់លេងកំពូលនៃការប្រកួតរបស់យើងដើម្បីទទួលបានអ្វីមួយចេញពីវា ប៉ុន្តែយើងស្ថិតនៅកន្លែងដ៏ល្អហើយត្រូវការអ្វីៗគ្រប់យ៉ាង ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី