
ខ្សែការពារថ្លៃបំផុតក្នុងលោករបស់ក្លឹប Liverpool កីឡាករ Virgil van Dijk បានសារភាពថា គាត់ត្រូវប្រឹងប្រែងយ៉ាងខ្លាំងបំផុត ទើបអាចសម្របទៅនឹងទម្រង់លេងដែលក្លឹបចង់បាន ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jurgen Klopp បាន។
កីឡាករសញ្ជាតិហូឡង់រូបនេះបានបញ្ចប់ការទន្ទឹងរង់ចាំផ្ទេរពី Southampton កាលពីខែមករានេះ ហើយបានក្លាយជាកីឡាករជម្រើសដំបូងសម្រាប់ក្រុមហង្សក្រហមយ៉ាងឆាប់រហ័ស ដោយលេងជាជម្រើសដំបូងនៅក្នុង ៤ ប្រកួតក្នុងចំណោមការប្រកួតនៅ Premier League ទាំង ៥ លើកចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញថា ការផ្លាស់ប្តូរមកលេងនៅទីនេះមានការលំបាកណាស់ ដោយសារតែកំណើននៃតម្រូវការសមត្ថភាពរបស់កីឡាករនៅ Anfield ។
Van Dijk បានប្រាប់ទូរទស្សន៍ BBC Sport ថា៖ «ខ្ញុំកាន់តែថ្នឹកជាមួយនឹងទម្រង់លេងរបស់ក្រុមហើយ»។
«ថាមពលនៅក្នុងការប្រកួតរបស់យើងគឺមានកម្រិតខ្ពស់ជាងអ្វីដែលខ្ញុំធ្លាប់មានពីមុន»។
«នៅទីនេះ ត្រូវជួបនឹងការលំបាករាល់ថ្ងៃ។ យើងប្រឹងប្រែងយ៉ាងខ្លាំង រត់ក៏ច្រើន ហើយយើងពិតជាមានភាពរីកចម្រើនច្រើនណាស់។ ខ្ញុំត្រូវតែប្រឹងប្រែងបន្ថែមទៀតនៅក្នុងការប្រកួតរបស់ខ្ញុំ ជាពិសេសនៅពេលចាប់ផ្តើមដំបូង»។
ដោយ៖ តារា