គ្រូកម្ពុជា ៖ ខ្ញុំពិតជាមានមោទនភាពសម្រាប់កូនក្រុមរបស់ខ្ញុំ យើងត្រូវប្រឹងបន្ថែមទៀតដើម្បីប្រជាជនកម្ពុជាទាំងមូល

57841
  • ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំបានអស់ឱកាសឈានទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U22 LG CUP 2019 ក្រោយពីចាញ់ ក្រុមជម្រើសជាតិថៃអាយុក្រោម ២២ ឆ្នាំ ក្នុងបាល់កាត់សេចក្ដី ១១ ម៉ែត្រ ៣ ទល់នឹង ៥ ។

    នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់យុវជនតំបន់អាស៊ាន AFF U22 LG CUP 2019 ក្រុមគោព្រៃជំទង់កម្ពុជាយើង ពិតជាធ្វើបានខ្លាំងណាស់ដោយបានដាក់សម្ពាធទៅលើក្រុម U22 ថៃ ទាំងតង់ទី ១ និងតង់ទី ២ ហើយនៅម៉ោងបន្ថែម ១៥ នាទីពីរដងក៏កម្ពុជាយើងនៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អនិងបានបន្តសម្រុកទៅលើក្រុមការពារតំណែងជើងឯក និងមានឱកាសស៊ុតជារឿយៗ ប៉ុន្តែសំណាងរបស់ U22 កម្ពុជាយើងមិនមាន ដោយបានបញ្ចប់ត្រឹមតែចាញ់ក្រុមដំរីថៃក្នុងបាល់កាត់សេចក្ដី ១១ ម៉ែត្រ ៣ៈ៥ ដែលធ្វើឲ្យយើងអស់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រទៅជួបជាមួយ ឥណ្ឌូនេស៊ី នៅថ្ងៃស្អែកនេះ ។

    បន្ទាប់ពីបញ្ចប់ការប្រកួតគ្រូបង្វឹករបស់កម្ពុជាលោក Felix Agustin Gonzalez Dalmas បានធ្វើការកោតសរសើរដល់កូនក្រុមយ៉ាងខ្លាំងក្នុងការខិតខំអស់ពីសមត្ថភាព និងបង្ហាញទម្រង់ដ៏អស្ចារ្យដែលធ្វើឲ្យអ្នកគាំទ្រទូទាំងអាស៊ានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីការីកចម្រើនយ៉ាងឆាប់រហ័សរបស់វិស័យកីឡារបាល់ទាត់កម្ពុជាដែលបានបង្កើតកំណត់ត្រាថ្មីៗ ។

    គ្រូបង្វឹករបស់កម្ពុជាលោក Felix បាននិយាយទាំងភាពសោកសៅនិងភាពមោទនភាពថា៖ ” ខ្ញុំពិតជាមានមោទនភាពសម្រាប់កូនក្រុមរបស់ខ្ញុំ ពួកយើងគឺប្រឹងប្រែងអស់ពីសមត្ថភាពនៅថ្ងៃនេះ ហើយសូមប្រឹងប្រែងបន្ថែមទៀតដើម្បីប្រជាជនកម្ពុជាទាំងមូល ” ។

    លោកបន្តថា៖ ” សូមបងប្អូនទាំងអស់កុំផ្ដោតទៅលើតែលទ្ធផលតែម្យ៉ាង អ្វីដែលសំខាន់គួរតែផ្ដោតលើការរីកចម្រើន និងការអភិវឌ្ឍន៍របស់ក្រុមយើងទាំងមូល ។ វាជារឿងធម្មតានៅពេលដែលកីឡាករហ្វឹកហាត់ និងពេលប្រកួតគឺវាមានភាពខុសគ្នាកីឡាករទាំងអស់ត្រូវមានទំនួលខុសត្រូវ និងសម្ពាធក្នុងអំឡុងពេលការប្រកួត ” ។

    សូមរំលឹកផងដែរថា ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំរបស់កម្ពុជាយើងនៅសល់មួយប្រកួតទៀត គឺជំនួបដណ្ដើមលេខ ៣ ដែលយើងត្រូវជួបជាមួយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២២ ឆ្នាំ នៅថ្ងៃស្អែកនេះនាវេលាម៉ោង ៣ៈ៣០ នាទីរសៀល ហើយក៏ជាការប្រកួតស្វែងរកជើងឯករវាង ថៃ និង ឥណ្ឌូនេស៊ី ផងដែរ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី