គ្រូកម្ពុជាលោក Felix សុំចិត្តអ្នកគាំទ្រកម្ពុជាកុំផ្ដោតទៅលើតែលទ្ធផលតែម្យ៉ាងត្រូវផ្ដោតលើការរីកចម្រើនក្រុមទាំងមូល

10811

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាលោក Felix Agustin Gonzalez Dalmas បានធ្វើការស្នើសុំចិត្តអ្នកគាំទ្រកម្ពុជា ឲ្យបន្តការគាំទ្រ និងជាពិសេសលោកសុំកុំឲ្យផ្ដោតអាម្មរណ៍តែលើលទ្ធផលខ្លាំងពេក ត្រូវផ្ដោតទៅការីកចម្រើន និងការអភិវឌ្ឍន៍របស់ក្រុមទាំងមូលវិញទើបល្អ ។

បន្ទាប់ពីបញ្ចប់ការប្រកួតគ្រូបង្វឹករបស់កម្ពុជាលោក Felix Agustin Gonzalez Dalmas បានធ្វើការកោតសរសើរដល់កូនក្រុមយ៉ាងខ្លាំងក្នុងការខិតខំអស់ពីសមត្ថភាព និងបង្ហាញទម្រង់ដ៏អស្ចារ្យដែលធ្វើឲ្យអ្នកគាំទ្រទូទាំងអាស៊ានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីការីកចម្រើនយ៉ាងឆាប់រហ័សរបស់វិស័យកីឡារបាល់ទាត់កម្ពុជាដែលបានបង្កើតកំណត់ត្រាថ្មីៗ បើទោះបីជា កម្ពុជា ធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិថៃ ក្នុងបាល់ទាត់កាត់សេចក្ដី ១១ ម៉ែត្រ ៣ៈ៥ ។

លោក Felix បាននិយាយទៅកាន់មហាគ្រួសារកម្ពុជាថា៖ ” សូមបងប្អូនទាំងអស់កុំផ្ដោតទៅលើតែលទ្ធផលតែម្យ៉ាង អ្វីដែលសំខាន់គួរតែផ្ដោតលើការរីកចម្រើន និងការអភិវឌ្ឍន៍របស់ក្រុមយើងទាំងមូល ។ វាជារឿងធម្មតានៅពេលដែលកីឡាករហ្វឹកហាត់ និងពេលប្រកួតគឺវាមានភាពខុសគ្នាកីឡាករទាំងអស់ត្រូវមានទំនួលខុសត្រូវ និងសម្ពាធក្នុងអំឡុងពេលការប្រកួត ” ។

សូមរំលឹកផងដែរថា ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំរបស់កម្ពុជាយើងនៅសល់មួយប្រកួតទៀត គឺជំនួបដណ្ដើមលេខ ៣ ដែលយើងត្រូវជួបជាមួយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២២ ឆ្នាំ នៅថ្ងៃស្អែកនេះនាវេលាម៉ោង ៣ៈ៣០ នាទីរសៀល ហើយក៏ជាការប្រកួតស្វែងរកជើងឯករវាង ថៃ និង ឥណ្ឌូនេស៊ី ផងដែរ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី