ក្រុមហ៊ុន Samsung បង្ហាញរូបរាងស្មាតហ្វូនត្រកូល Galaxy ជំនាន់ទី ១០ របស់ខ្លួនជាផ្លូវការ ត្រៀមវាយលុកទីផ្សារកម្ពុជា

13549

បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏គួរជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុង ដែលបានដាក់បង្ហាញនូវរូបរាងពិតនៃកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10 Plus ជូនដល់ពិភពលោកទាំងមូលពីទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅម៉ោង ១១ ព្រឹកថ្ងៃទី ២០ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) ត្រូវនឹងម៉ោង ២ យប់ថ្ងៃទី ២១ ខែកុម្ភៈ (ម៉ោងនៅកម្ពុជា) ។

ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់ជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់ នៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ដើម្បីជាសាក្សីនៃការបង្ហាញជាសាកលនៃកំពូលស្មាតហ្វូនដ៏ជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុង ជាមួយនឹងខួប ១០ ឆ្នាំនៃស្មាតហ្វូន Samsung Galaxy ដែលពិភពលោកកំពុងរង់ចាំនេះ ។

ប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី ២២ ខែកុម្ភៈ លោក រតនា សោភ័ណ ប្រធានគ្រប់ គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ស្មាតហ្វូន Samsung Galaxy S10 មិនត្រឹមតែមានរូបរាងស្អាត ទាន់សម័យ និងទាក់ទាញបំផុតប៉ុណ្ណោះទេ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយជាច្រើនយ៉ាងល្អបំផុត សម្រាប់បទពិសោធន៍ថ្មីដែលមិនធ្លាប់មានក្នុងឆ្នាំ ២០១៩ ផងដែរ ។

ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃរូបនេះ បានបន្ថែមទៀតថា យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះនៅក្នុងទីផ្សារកម្ពុជា ដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម៉ូឌែល Samsung Galaxy S10 និង S10+ ប្រចាំឆ្នាំ ២០១៩ នេះ នឹងទទួលបាននូវការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូនទំាងពីរនេះ ។

សូមជម្រាបផងដែរថា ស្មាតហ្វូន Samsung Galaxy S10 និង S10+ នឹងដាក់ឲ្យកម្ម៉ង់ទិញទុកមុន (Pre-order) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី ០៥ ខែមីនា ឆ្នំា ២០១៩ ខាងមុខ ជាមួយជម្រើស ៣ ពណ៌ គឺ ខ្មៅ ស និង បៃតង នៅតាមបណ្តាហាងលក់ទូរស័ព្ទ ដែលមានស្លាកសញ្ញា Pre-order  ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី