
បន្ទាប់ពីផ្តួលក្រុមកាំភ្លើងធំ Arsenal ៣-០ ដើម្បីយកជើងឯកពាន EFL Cup ជាលើកទី៥ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រុមមេឃខៀវ Man City កាលពីយប់មិញ បានបង្ហាញការលេងយ៉ាងអស្ចារ្យ គឺធ្វើគូរប្រកួតប្រជែញខូចចិត្តសារជាថ្មី ។
ជំនួបនាទឹកដី Emirates នៅថ្ងៃព្រហស្បតិ៍ ទី០១ មីនា ខ្សែបម្រើ Bernardo Silva បានរកគ្រាប់បើកឆាកនៅត្រឹមនាទី១៥ ដោយការស៊ុតមួយជើងឆ្វេងពីចម្ងាយឲ្យបាល់កោងលោតចូលសំណាញ់ទីយ៉ាងស្អាត។ David Silva ជាអ្នកបន្ថែមគ្រាប់ទី២ នៅនាទី២៨ ក្រោយការបញ្ចូនពី Sergio Aguero មុនពេល Leroy Sane បន្ថែមគ្រាប់ទី៣ នៅ៥នាទីបន្ទាប់។ ចប់តង់ទី១ Man City ៣ Arsenal ០ ។
នៅតង់ទី២ នាទី៥៣ Nicolas Otamendi របស់ក្រុមមេឃខៀវបានបង្កកំហុសលើ កីឡាករចំណូលថ្មី Henrikh Mkhitaryan នាំឲ្យម្ចាស់ផ្ទះបានការទាត់បាល់ពិន័យ១១ម៉ែត្រ។ ក្រុមកំាំភ្លើងធំរំពឹងថានឹងតាមបាន១គ្រាប់ ដោយ Pierre-Emerick Aubameyang ជាអ្នកទាត់បញ្ចូលទី ប៉ុន្តែអ្នកចាំទី Ederson Moraes មិនឲ្យបាល់រួចផុតពីដៃខ្លួនឡើយ ទើបក្តីសង្ឃឹមរបស់ពួកគេត្រូវបាត់បង់ទៅវិញ។ ការប្រកួតបន្តជាដដែល ប៉ុន្តែមិនមានការទាត់បញ្ចូលទីទៀតឡើយទើបលទ្ធផលបញ្ចប់គឺ Man City ទទួលជ័យជំនះទាំងស្រុងតែម្តង ៕
ដោយ៖ តារា