ខ្សែភាពយន្ត បោកចំបាប់ ដែលបង្ហាញពីអត្តសញ្ញាតិបុរាណខ្មែរ គ្រោងនឹងដាក់បញ្ចាំងផ្លូវការ នាថ្ងៃទី ១៤ មីនាខាងមុខនេះ

17878

ភាពយន្តបោកចំបាប់ឆ្លុះបញ្ចាំង អំពីកីឡាអត្តសញ្ញាតិបុរាណខ្មែរ ដែលបង្កប់នូវសារអប់រំជាច្រើន ដល់យុវជនជំនាន់ក្រោយ មានរយៈពេល ២ ម៉ោង ដោយចំណាយពេលថតប្រមាណជាង ២ ឆ្នាំ ក្នុងទំហំទឹកប្រាក់ផលិតប្រមាណជា ៣០ ម៉ឺនដុល្លារអាមេរិច គ្រោងនឹងដាក់បញ្ចាំងនាពេលឆាប់ៗនេះ ជាការបញ្ជាក់របស់ ផលិតករសញ្ជាតិឥណ្ឌា លោក MANISH SHARMA ក្នុងសន្និសិទសារព័ត៍មានព្រឹកមិញ នៅទីស្នាក់ការគណៈកម្មាជាតិអូឡាំពិកកម្ពុជា ។ ហើយលោក សង្ឈឹមជឿជាក់ថា ខ្សែភាពយន្តនេះ និងធ្វើឲ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ ។

លោក MANISH SHARMA បន្តទៀតថា ខ្សែភាពយន្តអត្តសញ្ញាណមួយនេះ និងត្រូវដាក់បញ្ចាំងនូវប្រទេសកម្ពុជារយៈពេល ២ ខែ ចាប់ផ្តើមពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ បន្ទាប់មកនិងបន្តដាក់បញ្ចាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ឡាវ ថៃ ឥណ្តូនេស៊ី ម៉ាឡេស៊ី និងសង្ហបុរី តំបន់អឺរុប និងសហរដ្ឋអាមេរិក ។ ផលិតករសញ្ជាតិឥណ្ឌារូបនេះ អះអាងថា ប្រសិនបើការដាក់បញ្ចាំងទទួលបានការគាំទ្រពីមហាជនច្រើន និងចំណេញ លោកនឹងយកថវិកា ទៅឧបត្ថម្ភដល់កីឡាចំបាប់ និងការងារមនុស្សធម៍ នៅកម្ពុជា ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានបញ្ជាក់ថា ខ្សែភាពយន្តចំបាប់នេះ គឺជាខ្សែភាពយន្តដំបូងគេនៅកម្ពុជា ដែលបង្ហាញពីគ្រួសារមួយ ដែលចូលចិត្តកីឡាចំបាប់ ហើយធ្វើការហ្វឹកហាត់ រហូតឈានទៅរកឧត្តមភាព នាពេលអណាគត ចំពោះកីឡាចំបាប់បុរាណខ្មែរ ។ ជាមួយគ្នានេះ ឯកឧត្តម អគ្គលេខាធិការ ក៏បានអំពាវនាវ ជនរួមជាតិខ្មែរទាំងអស់ ចូលរួមទស្សនាគាំទ្រខ្សែភាពយន្តនេះឲ្យបានច្រើនកុះករ និងលើកទឹកចិត្តអ្នកផលិតករឲ្យផលិតខ្សែភាពយន្តខ្មែរឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់កីឡាបុរាណខ្មែរជាពិសេសរួមចំណែកអភិរ្ស និងអភិវឌ្ឍន៍វប្បធម៌ខ្មែរ ឲ្យកាន់តែរីកសុះសាយពាសពេញពិភពលោក ។

សូមបញ្ជាក់ថា ខ្សែភាពយន្តខ្មែរ ដែលមានឈ្មោះថា បោកចំបាប់ គឺមានការចូលរួមសម្តែងភាគច្រើនជាអ្នកកីឡាករចំបាប់ ផលិតដោយក្រុមហ៊ុនរបស់ប្រទេសឥណ្ឌា ហើយគ្រោងនឹងដាក់បញ្ជាំងនៅថ្ងៃទី ១២ ខែ មិនា ខាងមុខនេះ ជាពិសេសមានការបញ្ចុះតម្លៃសំបុត្រសម្រាប់សិស្ស និសិ្សត កីឡាករ កីឡាការិនី ហើយពិធីសម្ភោធជាផ្លូវការនឹងធ្វើនៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ខាងមុខនេះ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី