Benzema ៖ ខ្ញុំតែងតែលេងនៅពីក្រោយ Ronaldo ប៉ុន្តែឥឡូវនេះខ្ញុំជាកំពូលខ្សែប្រយុទ្ធរបស់ Real Madrid

8443

បន្ទាប់ពីការចាកចេញរបស់កីឡាករ Cristiano Ronaldo កីឡាករ Karim Benzema រីករាយក្នុងការទទួលយកតួនាទីជាកំពូលខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid ខណះកាលពីមុនរូបគេតែងតែស្ថិតនៅក្រោមស្រមោលរបស់កីឡាករវ័យ ៣៤ រូបនេះជានិច្ច ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ៣១ ឆ្នាំរូបនេះបានចាប់ផ្តើមរដូវកាលនេះដ៏ល្អ បន្ទាប់ពីម្ចាស់ពានរង្វាន់ Ballon d’Or  ៥ សម័កាលកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo សម្រេចផ្ទេរទៅចូលរួមជាមួយក្លឹប Juventus កាលពីរដូវក្តៅមុនក្នុងរម្លៃខ្លួន ១១២ លានអឺរ៉ូ ។ Karim Benzema បាននិយាយថាគាត់លេងដោយមិនគិតពីខ្លួនឯងជាមួយ Ronaldo ក្នុងក្រុមដើម្បីបញ្ជូនបាល់ឱ្យអតីតមិត្តរួមក្រុមរបស់គាត់រូបនេះស៊ុតបញ្ចូលទីជាប្រចាំ ប៉ុន្តែឥឡូវនេះគាត់សប្បាយរីករាយក្នុងការស៊ុតបញ្ចូលទីដោយខ្លួនឯងវិញ ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានប្រាប់ដល់ France Football ថា៖ ” ពេលនេះខ្ញុំជាអ្នកដឹកនាំនៃការវាយប្រហារ ខណៈពេលពីមុនខ្ញុំធ្លាប់លេងឱ្យ Cristiano ។ ខ្ញុំតែងតែស្វែងរករូបគេក្នុងគោលបំណងជួយឱ្យគេរកគ្រាប់បាល់បានកាន់តែច្រើន ។ នោះមានន័យថាខ្ញុំនឹងលេងនៅពីក្រោយគេ តែពេលនេះវាអាស្រ័យលើខ្ញុំដើម្បីបង្ហាញថាខ្ញុំចង់រកគ្រាប់បាល់ ” ។

សូមរំលឹកផងដែរថា ចាប់តាំងពី Cristiano Ronaldo ចាកចេញនៅដើមរដូវកាលនេះ Karim Benzema បានក្លាយជាខ្សែប្រយុទ្ធសំខាន់បំផុតរបស់ Real Madrid ដោយស៊ុតបញ្ចូលទីចំនួន ២០ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់របស់ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការស៊ុតបញ្ចូលទីរបស់គេមិនអាចជំនួសកន្លែងរបស់ Ronaldo បាននោះឡើយ ខណះបច្ចុប្បន្ន Real Madrid កំពុងយ៉ាប់យ៉ឺនយ៉ាងខ្លាំងដោយចាញ់ដាច់ក្រុមកំពូលតារាងក្របខ័ណ្ឌ Laliga ក្លឹប FC Barcelona រហូតដល់ ៩ ពិន្ទុឯណោះ ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី