មនុស្សម្នាក់នឹងចំណាយពី ២០ ទៅ ៣០ ម៉ឺនដុល្លារដើម្បីទស្សនាគន្លងគោចរជុំវិញផែនដីនៅ ៥ ឆ្នាំទៀត

19136
  • កិច្ចការអភិវឌ្ឍន៍ «នាវា ឬយន្តហោះអវកាស» មានឈ្មោះថា សេលេណា ស្ពេស យ៉ាត ដែលមានសមត្ថភាពហោះឡើងចេញពីផ្លូវយន្តហោះធម្មតា ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរឡើងទៅទស្សនាកម្សាន្ត នៅគន្លងគោចរជុំវិញផែនដីកំពុងតែប្រព្រឹត្តទៅហើយ នេះបើតាមប្រធានផ្នែករចនាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែក អាកាសចរ និងអវកាស NPO របស់ប្រទេសរុស្ស៊ីលោក អាឡិចសាន់ឌើ ប៊េហ្គាក់ ។

    យានអវកាសនេះ នឹងមានសមត្ថភាពចុះចត ឬហោះចេញពីផ្លូវយន្តហោះនានា ពោលគឺដូចជាយន្តហោះធម្មតាយ៉ាងដូច្នេះ ហើយនាពេលនេះក្រុមវិស្វករជំនាញ កំពុងតែធ្វើការគណនាពីថេរវេលាសមរម្យ សម្រាប់ការធ្វើដំណើរក្នុងទីអវកាស ក៏ដូចជាគន្លងផ្លូវហោះហើរដ៏ប្រសើរមួយ ។ យានអវកាសនេះដែរ នឹងទម្លុះឡើងដល់លំហអវកាសជាមួយល្បឿនអតិបរមា ៤,៣២១ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាល្បឿនលឿនជាងសំឡេង ៣.៥ ដងនៅរយៈកម្ពស់ចន្លោះពី ១២០ ទៅ ១៤០ គីឡូម៉ែត្រពីកម្ពស់នីវ៉ូទឹកសមុទ្រផែនដី ហើយនឹងចុះត្រឡប់មកក្នុងបរិយាកាសផែនដីវិញជាមួយល្បឿនជាង ១ ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ។

    សូមបញ្ជាក់ថា កប៉ាល់អវកាសសរុបទាំងអស់ ៣ គ្រឿងនឹងលេចរូបរាងឡើង ដែលមួយគ្រឿងមានកៅអីដឹកអ្នកដំណើរ ៦ នាក់ រួមជាមួយកៅអីពីឡុតម្នាក់ ប៉ុន្តែពួកវាដំណើរការដោយស្វ័យប្រវត្តិសុទ្ធសាធ ខណៈវត្តមានរបស់ពីឡុតម្នាក់នោះ គឺសម្រាប់ឲ្យអ្នកដំណើរមានអារម្មណ៍កក់ក្តៅប៉ុណ្ណោះ ។ ហើយតម្លៃសំបុត្រសម្រាប់មនុស្សម្នាក់ គឺចន្លោះពី ២០ ម៉ឺនដុល្លារ ទៅដល់ ៣០ ម៉ឺនដុល្លារ ហើយជើងហោះហើរដំបូងអាចនឹងចាប់ផ្តើមនៅ ៥ ឆ្នាំក្រោយ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី