ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក មកកម្ពុជាដើម្បីចែករំលែកបទពិសោធន៍

13364

ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក លោក Claude Azema មកចែករំលែកបទពិសោធន៍ តាមរយៈវគ្គបណ្តុះបណ្តាលដល់អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក និងមន្ត្រីសហព័ន្ធដើម្បីផែនការរៀបចំត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោក ២០១៩ នេះ បន្ទាប់ពីទទួលបានសិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ដែលមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធអន្តរជាតិមួយនេះ ។ ការមកដល់របស់ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក ត្រូវបានទទួលស្វាគមន៍ពី ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។

ឯកឧត្តម ប៊ូ ជុំសេរី បញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ ២០១៩ នេះ គឺជាការលើកមុខលើកមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ដែលសហព័ន្ធអន្តរជាតិ ផ្តល់សិទ្ធិជូនកម្ពុជា ក្នុងការរៀបចំការប្រកួតកម្រិតពិភពលោក ជាលើកដំបូងបែបនេះ ។ ឯកឧត្តម បានចាត់ទុកថា នេះគឺជាភារកិច្ចដ៏ធំធេង ដែលគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ រួមទាំងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ត្រូវខិតខំរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្កានៅក្នុងកម្រិតពិភពលោកនេះ ។

ជាមួយគ្នានេះ ឯកឧត្តម ចាត់ទុកថា នេះគឺជាឱកាសដ៏ល្អមួយក្នុងការបង្ហាញស្នាដៃរបស់កម្ពុជាអាចធ្វើបាន ។ អនុរដ្ឋលេខាធិការរូបនេះ អះអាងថា សម្រាប់ការរៀបចំកម្រិតពិភពលោកនេះ គឺកម្ពុជាមានការបារម្ភខ្លះដែរ ប៉ុន្តែយើងត្រូវខិតខំជម្នះរាល់ឧបសគ្គ និងផ្តើមធ្វើការងារនេះរួមគ្នា អោយទទួលបានលទ្ធផលល្អប្រសើរ ។ ដូច្នេះ ឯកឧត្តម រំពឹងថា តាមរយៈវគ្គបណ្តុះបណ្តាលនៅថ្ងៃស្អែក សិក្ខាកាមទាំងអស់ នឹងយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីអ្នកជំនាញកម្រិតពិភពលោក យកមករៀបចំព្រឹត្តការណ៍កម្រិតពិភពលោកដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោកកីឡាប៉េតង់នេះ អោយទទួលបានជោគជ័យ ។

សូមរំលឹកថា ការផ្តល់សិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ក្នុងការរៀបចំជើងឯកពិភពលោករបស់កម្ពុជា ក្នុងឆ្នាំ ២០១៩ នេះ ដោយមើលឃើញពីភាពជោគជ័យរបស់កម្ពុជានាពេលកន្លងមក ធ្លាប់ដណ្តើមបានមេដាយមាសកម្រិតពិភពលោក ជាច្រើនសម័យកាល ដូចជាវីរៈកកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសពិភពលោក ៣ សម័យកាល , វីរៈកីឡាករ សុខ ចាន់មាន ឈ្នះមេដាយមាសជើងឯកពិភពលោក ១ ដង ឆ្នាំ ២០១៦ និងវីរៈកីឡាការិនី អ៊ុក ស្រីមុំ ក៏ធ្លាប់ឈ្នះមេដាយមាស ជើងឯកពិភពលោកផងដែរ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី