ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ចាប់ផ្តើមប្រកួតផ្លូវការ

11810

ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំ ខេត្តកណ្តាល ដើម្បីជ្រើសរើសសាលាដែលខ្លាំងឡើងទៅប្រជែងជើងឯកកីឡាសិស្សទូទាំងប្រទេស នាព្រឹកមិញនេះ គឺបានដំណើរការប្រកួតផ្លូវការហើយ ។

លោក ហែម វ៉ារិន អនុប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជននិងកីឡា ខេត្តកណ្តាល បានបញ្ជាក់ប្រាប់អ្នកព័ត៍មានថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩ ដែលរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡាខេត្ត កណ្តាលបានដំណើរការប្រកួតផ្លូវការហើយ ដោយផ្តើមពីព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នេះតទៅ ។

លោក ថា ព្រឹត្តិការណ៍ប្រកួតនេះ មានសិស្សមកពី ១១ ក្រុង ស្រុក ទូទាំងខេត្តកណ្តាល ក្នុងនោះវិទ្យាល័យចំនួន ១៧ វិទ្យាល័យ អនុវិទ្យាល័យចំនួន ៦ និងសាលាឯកជនចំនួនមួយ ដោយធ្វើការប្រកួតលើ ៥ ប្រភេទកីឡាដូចជា បាល់ទាត់ បុរសមាន ១២ ក្រុម នារីមាន​ ៧ ក្រុម , បាល់ទះបុរសមាន ៦ ក្រុម នារីមាន ៦ ក្រុម , បាល់បោះ បុរសមាន ៤ ក្រុម នារីមាន ៣ ក្រុម , កីឡាប៉េតង់ បុរសមាន ៣ ក្រុម នារី ៣ ក្រុម និង កីឡាអត្តពលកម្មមាន ៦ ក្រុមចូលរួមប្រកួតលើ ៦ វិញ្ញសា ក្នុងនោះមានវិញ្ញាសារត់ល្បឿន វិញ្ញាសារត់ចម្ងាយ វិញ្ញាសាដើរចម្ងាយ វិញ្ញាសារលោកកម្ពស់ វិញ្ញសាលោតចម្ងាយ និងវិញ្ញាសាចោលដុំដែក។

អនុប្រធានរូបនេះ បញ្ជាក់ទៀតថា ក្រុមប្រចាំសាលាដែលមកប្រកួតប្រជែងទទួលបានចំណាត់ថ្នាក់ជាជើងឯក មន្ទីរនិងជ្រើសរើសបំប៉នហ្វឹកហាត់បន្ថែមបច្ចេកទេស ត្រៀមទៅចូលរួមប្រកួតកីឡាសិស្សជ្រើសរើសជើងឯកទូទាំងប្រទេសបន្តទៀត តំណាងឲ្យខេត្តកណ្តាល ។

គួរកត់ស្គាល់ថា ៥ ប្រភេទកីឡាដែលចូលរួមប្រជែង ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្ត កណ្តាលឆ្នាំ ២០១៩ នេះ គឺមានតែប្រភេទកីឡាបាល់ទាត់នោះទេ ដែលមានចំនួនក្រុមកើនឡើង ពោលគឺទាំងក្រុមបុរស និងក្រុមនារី ។
សូមបញ្ជាក់ថា កីឡាចំនួន ៥ ប្រភេទនេះ និងដំណើរការប្រកួតផ្លូវការនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យនៅក្នុង ខេត្ត កណ្តាល ចាប់ពីថ្ងៃ ទី ២៧ ខែ កុម្ភនេះតទៅ ហើយត្រូវបិទបញ្ចប់ផ្លូវការនៅថ្ងៃ ទីនៅថ្ងៃទី ៤ ខែ មិនា ឆ្នាំ ២០១៩ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី