ឯកឧត្តម វ៉ា ឈូដា បន្តដឹកនាំសហព័ន្ធកីឡាវូស៊ូកម្ពុជា អាណត្តិទី ៥ ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២

8554

សហព័ន្ធកីឡាវូស៊ូកម្ពុជាបានរៀបចំពិធីអបអរសាទរដល់ខួបអនុស្សាវវីយ៍លើកទី ១៩ ឆ្នាំការបង្កើត សហព័ន្ធកីឡាវូស៊ូកម្ពុជា និងបានធ្វើសន្និបាតវិសាមញ្ញមួយ ក្នុងឱកាសនោះ កាលពីថ្ងៃចន្ទម្សិលមិញ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ដោយជ្រើសរើសបានសមាជិកប្រតិបត្តិ ដែលជាក្បាលម៉ាស៊ីនដឹកនាំ ចំនួន ២១ រូប ក្នុងនោះឯកឧត្តម វ៉ា ឈូដា បានបន្តដឹកនាំជាប្រធានសហព័ន្ធ និងលោក ម៉ៅ ចន្ថាវុធ ជា អគ្គលេខាធិការ សម្រាប់ អាណត្តិទី ៥ ឆ្នាំ ២០១៨-២០២២ ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជា មានប្រសាសន៍ថា ពិធីនេះត្រូវ បាន ប្រារព្ធធ្វើ ឡើងដោយមានការចូលរួមពីសមាជិកនៃក្លឹបទាំង ១៦ និងធ្វើជាសាក្សីពី ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ។ ពិធីជួបជុំនេះបានឈរលើស្មារតី សាមគ្គីភាព ជាធ្លុងមួយ និងបានដោះស្រាយ លើបញ្ហាមួយចំនួន ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកីឡាវូស៊ូ ឲ្យកាន់តែរីកចម្រើន និង ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ខាងមុខ ។ លោក អគ្គលេខាធិការ រូបនេះអះអាងថា ការអភិវឌ្ឍរបស់សហព័ន្ធកីឡាវូស៊ូ តែងតែទទួលបានការគាំទ្រពី ក្រសួងអប់រំយ៉ាងខ្លាំង ជាមួយនឹងការខិតខំយ៉ាងខ្លាំងផងដែរពីសហព័ន្ធខ្លួនឯង ដែលជ្រើសបាននូវកីឡាករ កីឡាការិនីជម្រើស ជាតិប្រកបដោយគុណភាពល្អៗនាពេលកន្លងមកនិងធ្លាប់បាន ចូលរួមប្រជែងមេដាយពីព្រឹត្តិការណ៍ ប្រកួតអន្តរជាតិនានាជាបន្តបន្ទាប់ ។ ជាមួយគ្នានោះសហព័ន្ធបានបណ្តុះ បណ្តាលគ្រូបង្វឹកជាច្រើនវគ្គ និងកីឡាករកីឡាការិនីថ្នាលសម្រាប់ត្រៀមបន្តប្រជែងមេដាយលើឆាកអន្តរជាតិ ជាពិសេសគឺ ត្រៀម ខ្លួនឲ្យល្អប្រសើរ សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះផងដែរ ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំបញ្ជាក់ថា អស់រយៈពេល ១៩ ឆ្នាំមកហើយ ដែលស្ថាបនិកសំខាន់ៗដែលបានរៀបចំបង្កើតប្រភេទកីឡាវូស៊ូ មានប្រភពដើមមកពីប្រទេសចិនជាមួយ នឹង ការខិតខំអស់ ពីកម្លាំងកាយចិត្តអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។ ក្នុង នាមក្រសួងអប់រំ ឯកឧត្តម សូមវាយតម្លៃខ្ពស់ និងការកោតសរសើរជូនចំពោះលោកគ្រូធំ គីម ជិនគ្វន់ ដែល បាននំាចូលប្រភេទកីឡាវូស៊ូ ចូលមកកម្ពុជា និងខិតខំផ្សព្វផ្សាយ ឲ្យកីឡា នេះមានសកម្មភាពផុសផុល ។ ឯកឧត្តម បានស្នើឲ្យគ្រប់សមាសភាពពាក់ព័ន្ធសហព័ន្ធ ក៏ដូចជាក្លឹបគប្បីត្រូវរួមគ្នា កសាងសមត្ថភាពអត្តពលិក និងរួមគ្នាអភិវឌ្ឍកីឡាវូស៊ូឲ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្តទៀត ជាពិសេសគឺការត្រៀមខ្លួនទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣ ទៀតផង ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី