ថៃ សម្រេចផ្អាកជើងហោះហើរទៅអឺរ៉ុប ដោយសារតែភាពតានតឹងរវាង ប៉ាគីស្ថាន-ឥណ្ឌា

15032

ថៃសម្រេចផ្អាកការហោះហើរទៅកាន់ទ្វីបអឺរ៉ុប បណ្តោះអាសន្ន ក្រោយពេលប្រទេសប៉ាគីស្ថានបិទចរាចរតាមអាកាស ក្នុងពេលមានភាពតានតឹងជាមួយប្រទេសឥណ្ឌាកាន់តែខ្លាំង ។

ក្រុមហ៊ុន Thai Airway International កាលពីថ្ងៃពុធ ទី ២៧ កុម្ភះ ម្សិលមិញបានប្រកាសលុបចោលជើងហោះហើរទាំងអស់ ទាំងទៅនិងមក ប៉ាគីស្ថាននិងអឺរ៉ុប ក្រោយពេលដែលប៉ាគីស្ថានបានសម្រេចបិទលំហអាកាស ដោយសារតែមានភាពតានតឹងកាន់តែធ្ងន់ធ្ងរជាមួយប្រទេសឥណ្ឌា ។ ជើងហោះហើរទាំងអស់ត្រូវត្រលប់មកចំណតអាកាសយានដ្ឋាន Suvarnabhumi ក្នុងរាជធានីបាងកកវិញ ។ ដោយសារតែបារម្ភពីសុវត្ថិភាព ក្រុមហ៊ុននេះក៏បានលុបចោលជើងហោះហើរទាំង ១១ លើក ពីបាងកក ទៅអឺរ៉ុប ។

គួរជម្រាបថា នាថ្ងៃពុធនេះយោធាប៉ាគីស្ថានបានអះអាងថា កងទ័ពអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន ០២ គ្រឿង ដែលហោះចូលដែនអាកាសប្រទេសប៉ាគីស្ថាន ហើយចាប់បានអាកាសយានិកឥណ្ឌា ខណៈឥណ្ឌាបានអះអាងថា យោធាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងវិញរបស់ប៉ាគីស្ថាន តែខាតបង់យន្តហោះចម្បាំង MiG-21 ហើយបាត់ខ្លួនពីឡុតម្នាក់ ។ ហេតុការណ៍ខាងលើបានកើតឡើង នៅចំពោះមុខស្ថានការណ៍ដែលកំពុងតានតឹងស្រាប់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ ក្រោយមានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់កាស្មៀរ ដែលបានបណ្តាលឲ្យកងកម្លាំងសន្តិសុខឥណ្ឌាជាង ៤០ នាក់ស្លាប់ កាលពីពាក់កណ្តាលខែកុម្ភៈនេះ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី