ទិន្នន័យតាមប្រព័ន្ធ IT គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា

7851

ទិន្នន័យតាមប្រព័ន្ធ IT គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកីឡា នេះជាការបញ្ជាក់របស់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃនាយកដ្ឋានកីឡា ថ្លែងក្នុងវគ្គបណ្តុះបណ្តាល ស្ដីពីការចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យកីឡាករ-កីឡាការិនីថ្នាល និងក្រុមជម្រើសជាតិ តាមប្រព័ន្ធពត៌មានវិទ្យា នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានមន្រ្តីសហព័ន្ធកីឡាជាតិចំនួន ៣៤ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកចូលរួម ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ៨០ នាក់ ដែលមកពី ៣៤ សហព័ន្ធកីឡាជាតិ ដែលមានកីឡាករ-កីឡាការិនី ត្រូវការប្រមូលផ្ដុំ ក្នុងក្រុមជម្រើសជាតិ សម្រាប់ឆ្នាំ ២០១៩ ដោយមួយសហព័ន្ធចូលរួម ២ នាក់ គឺអគ្គលេខាធិការ និងមន្ត្រីពត៌មានវិទ្យា របស់សហព័ន្ធក្រៅពីនោះក៏មានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាផងដែរ ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា មានប្រសាសន៍ថា វគ្គនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សហព័ន្ធជាតិដែល ត្រូវស្នើសុំចូលរួមប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល និងជម្រើសជាតិឲ្យយល់ដឹងពីការប្រើប្រាស់គេហទំព័រប្រព័ន្ធចុះឈ្មោះ និងគ្រប់គ្រងក្រុមកីឡាថ្នាល និងជម្រើសជាតិឲ្យបានត្រឹមត្រូវដើម្បីងាយស្រួល គ្រប់គ្រងទិន្នន័យគុណផលកីឡាទៅតាមប្រភេទនីមួយៗ ។ គ្រប់គ្រងពីការប្រែប្រួល នៃគុណផល សុខភាព ក្រុមឈាមរបស់កីឡាករ-កីឡាការិនី ហើយវគ្គនេះនឹងបង្ហាញពីបៀបចូលចុះឈ្មោះអ្នកប្រើប្រាស់ របៀបគ្រប់គ្រង គណនីអ្នកប្រើប្រាស់ របៀបគ្រប់គ្រងសមាជិក របៀបគ្រប់គ្រងកីឡាថ្នាល និងជម្រើសជាតិ និងរបៀបគ្រប់គ្រងគុណផលកីឡាករ-កីឡាការិនី ។ ឯកឧត្តម អគ្កនាយកកីឡា បន្តថា ការចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យកីឡាករ-កីឡាការិនី វាបង្កភាពងាយស្រួល កាត់បន្ថយពេលវេលាច្រើន សម្រាប់សហព័ន្ធកីឡាជាតិ ម្យ៉ាងទៀតអាចគ្រប់គ្រងទិន្នន័យអត្តពលិកច្បាស់លាស់ និងរយៈពេលវែងផងដែរ ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានសំណូមពរដល់សហព័ន្ធជាតិទាំងអស់ មិនត្រូវផ្ដល់ឱកាសអោយកីឡាករ-កីឡាការិនីវ័យក្មេង ធ្លាប់ដណ្ដើមបានមេដាយកម្រិតពិភពលោក ទ្វីបអាស៊ី ឬស៊ីហ្គេម មកធ្វើតេស្តជាមួយកីឡាវ័យក្មេងនោះទេ ។ ធ្វើបែបនេះគឺជាការធ្វើឲ្យកីឡាករវ័យក្មេងបាត់បង់ឱកាស ដែលនេះជាការបំបាក់ទឹកចិត្តដល់ អ្នកជំនាន់ក្រោយ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី