សមមុខ!!! Ramos នឹងត្រូវអវត្តមានពី UCL ចំនួន ២ ប្រកួតបន្ទាប់ពីរកឃើញថាមានចេតនាទទួលកាតលឿង

24538
  • ប្រធានក្រុមរបស់ក្លិប Real Madrid កីឡាករ Sergio Ramos នឹងត្រូវអវត្តមានក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League បន្ទាប់ពី UEFA រកឃើញពីចេតនាទទួលយកកាតលឿងកាលពីប៉ះក្រុម Ajax ក្នុងជើងទី ១ ។

    ខ្សែការពារកណ្ដាល Sergio Ramos បានទទួលកាតលឿងក្នុងអំឡុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃការទទួលជ័យជម្នះ ២-១ របស់ក្រុមការពារតំណែងជើងឯក Real Madrid ក្នុងទីក្រុង Amsterdam ដែលមានន័យថាកីឡាករសញ្ជាតិអេស្ប៉ាញ វ័យ ៣២ ឆ្នាំរូបនេះត្រូវអវត្តមានសម្រាប់ជំនួបជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន Santiago Bernabeu នាព្រឹកថ្ងៃទី ៦ ខែមីនា ខាងមុខនេះ ។

    សមាជិកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយក្រោយពីការប្រកួតថា រូបគេមានចេតនាទទួលកាតលឿងឲ្យហើយដើម្បីជៀសវាងហានិភ័យទទួលបាននៅក្នុងវគ្គ ៨ ក្រុមចុងក្រោយ ហើយក្រោយមកកីឡាកររូបនេះត្រូវបានមតិសាធារណះជាច្រើនធ្វើការរិៈគន់យ៉ាងខ្លាំងនៅក្នុងរឿងនេះ ។

    ទោះបីជាយ៉ាងណាក៏ដោយក្រុមការងារគ្រប់គ្រងសីលធម៌និងវិន័យ UEFA (CEDB) បានសម្រេចចិត្តពិន័យ Ramos ចំនួន ២ ប្រកួតនៅក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នារដូវកាលនេះ នោះមានន័យថារូបគេនឹងត្រូវអវត្តមានក្នុងជំនួបជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយដែលត្រូវប៉ះ Ajax ហើយប្រសិនបើ Real Madrid អាចឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយបាននោះ Ramos នឹងអវត្តមានការប្រកួតជើងទី ១ បន្តទៀត ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី