Ter Stegen បានបង្ហើបថាខ្លួនធ្លាប់ពិចារណាចាកចេញពី Barcelona ដោយសាររឿងមួយ

8739

Marc-Andre ter Stegen បានបង្ហើបឱ្យដឹងថាគាត់គ្រោងនឹងចាកចេញពីក្លឹប Barcelona កាលពីឆ្នាំ ២០១៦ ទៅហើយ ប៉ុន្តែឥឡូវនេះគាត់បានក្លាយជាអ្នកចាំទីដៃទី ១ និងកំពុងរីករាយនឹងជីវិតនៅកីឡាដ្ឋាន Camp Nou ។ អ្នកចាំទីបម្រុងជម្រើសជាតិអាល្លឺម៉ង់រូបនេះបានផ្លាស់មកកាន់ក្រុមអ្នកមានបុណ្យ FC Barcelona ពីក្លឹប Borussia Monchengladbach នៅរដូវក្តៅឆ្នាំ ២០១៤ បន្ទាប់ពីការចាកចេញរបស់អ្នកចាំទី Victor Valdes និង Jose Manuel Pinto ។

Ter Stegen បានចំណាយពេលរដូវកាលទី ១ របស់ខ្លួននៅពីក្រោយអ្នកចាំទីជម្រើសទីមួយ Claudio Bravo ដែលរូបគេបានបង្ហាញខ្លួនតែនៅក្នុងពានរង្វាន់ Copa del Rey និង Champions League ខ្លះៗប៉ុណ្ណោះ ។ អ្នកចាំទីដៃស្អិតសញ្ជាតិឈីលីវ័យ ៣៧ ឆ្នាំ Claudio Bravo តែងតែជាជម្រើសដំបូងសម្រាប់ Barcelona អស់ពេលជាច្រើនរដូវកាល ខណះ Ter Stegen បង្ហាញខ្លួនបានត្រឹមតែ ៧ លើកប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ La Liga ហើយរូបគេតែងតែជាជម្រើសក្នុងបង្ហាញនៅក្នុងពានរង្វាន់ Champions League និង Copa Del Rey ប៉ុណ្ណោះ ។

Ter Stegen បាននិយាយប្រាប់ Goal និង DAZN ថា៖ ” ជាទូទៅ Claudio ( Bravo ) និងខ្ញុំទាំងពីរបានគ្រប់គ្រងយ៉ាងល្អជាមួយស្ថានភាព ( នៃការប្រកួតសម្រាប់ជម្រើសដំបូង ) ។ គាត់គឺជាអ្នកចាំទីដ៏អស្ចារ្យម្នាក់ដែលបានទទួលកន្លែងនោះនៅពេលនោះ ។ គ្រូបង្វឹកពេលនោះមិនចាំបាច់ផ្លាស់ប្តូរទេ ព្រោះគាត់មានអ្នកចាំទីម្នាក់នៅលីគដែលបានបង្ហាញពីទម្រង់លេងដ៏ល្អ ” ។

អ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះបានបន្តថា៖ ” ជាការពិតណាស់អ្នកចាប់ផ្តើមពិចារណា ( អណាគតរបស់អ្នក ) ព្រោះការលេងបាល់ទាត់គឺជារឿងសំខាន់បំផុត ។ វានឹងមិនល្អប្រសើរជាងនេះទេប្រសិនបើគ្រូបង្វឹកបាននិយាយថា អ្នកកំពុងលេងនៅលីកនាពេលបច្ចុប្បន្នហើយ ( Bravo​) លេងក្នុងការប្រកួតផ្សេងទៀត ។ នោះមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ហើយនៅឆ្នាំ ២០១៦ វាបានកើតមានឡើងនូវស្ថានភាពដែលខ្ញុំត្រូវគិតពីការចាកចេញពី Barca ” ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពី Claudio Bravo ចាកចេញផ្ទេរទៅកាន់ក្លឹប Manchester City កាលពីរដូវកាល ២០១៦ អ្នកចាំទីសញ្ជាតិអាល្លឺម៉ង Marc-Andre ter Stegen រូបនេះបានក្លាយជាអ្នកចាំទី ១ ដែលបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតសម្រាប់ Barcelona មកដល់ពេលនេះ ខណះរូបគេក៏ត្រូវបានគេចាត់ទុកថាជាអ្នកចាំទីឆ្នើមបំផុតម្នាក់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្នផងដែរ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី