
RAM ឬពាក្យពេញ Random Access Memory គឺជាផ្នែករឹងដ៏សំខាន់មួយក្នុងម៉ាស៊ីនកុំព្យូទ័រ ។ ប៉ុន្តែទំហំ RAM ប៉ុណ្ណាដែលសាកសមនឹងអ្នក ស្របពេលបច្ចុប្បន្នជាមធ្យម RAM ដែលគេប្រើមានចាប់ពីចន្លោះ 4GB ទៅដល់ 16GB?
១/អ្វីទៅជា RAM
មនុស្សជាច្រើនមានការភ័ន្តច្រឡំរវាង RAM ធៀបទៅនឹង SSD ឬ Hard Disk នោះជាកំហុសដ៏ធ្ងន់ធ្ងរ ។ វាជាទីតាំងរក្សាទុកទិន្នន័យបណ្តោះអាសន្ន ក្នុងពេលកុំព្យូទ័រដំណើរការ ហើយនឹងបាត់ទៅវិញនៅពេលយើងបិទម៉ាស៊ីន ។
រូបតំណាង RAM
មិនខុសពីតុមូលមួយ បើអ្នកទិញតុមកកាន់តែធំ អ្នកនឹងអាចរក្សាទុករបស់របរប្រើប្រាស់នៅលើនោះបានច្រើន ផ្ទុយទៅវិញបើវាមានទំហំតូចយើងអាចទុកដាក់បានមួយផ្នែកតូចប៉ុណ្ណោះ ម្ល៉ោះ RAM ក៏ដូចគ្នា បើទំហំ Gigabyte កាន់តែធំ វានឹងអាចដំណើរការកម្មវិធីបានច្រើន និងរលូនក្នុងពេលតែមួយ ប៉ុន្តែត្រូវសួរថា តើ RAM ប៉ុណ្ណា ល្មមនឹងការប្រើប្រាស់ ហើយទិញមកមិនខាតលុយ?
២/ទំហំ RAM ដែលត្រូវជ្រើសរើស
- 2GB៖ ជាទូទៅមានតែក្នុងថេបប្លែត ប៉ុន្តែបើមានលើកុំព្យូទ័រ ឬ Laptop បច្ចុប្បន្ននៅសល់តិចតួចបំផុត (មិនគួរទិញមកប្រើប្រាស់)
- 4GB៖ ជាកម្រិតមធ្យម ដែលមានល្បឿនដំណើរការសមស្របល្មមសម្រាប់អ្នកប្រើត្រឹម Microsoft Office ក្នុងការបំពេញការងារការិយាល័យ ឬកាត់តរូបភាពក្នុង Photoshop ធម្មតា
- 8GB៖ ល្អបំផុតសម្រាប់អ្នកប្រើ Windows និង MacOS ដែលនិយមចូលចិត្តលេងហ្គេម ហើយក៏អាចគាំទ្របានសឹងគ្រប់កម្មវិធីក្នុងពេលបច្ចុប្បន្ន
- 16GB៖ ប្រើសម្រាប់អ្នកធ្វើការងារអាជីពនៅផ្នែកបច្ចេកវិទ្យា និងអ្នកចូលចិត្តលេងហ្គេមធំៗ
- 32GB ឬខ្ពស់ជាងនេះ៖ សម្រាប់បំពាក់ក្នុងម៉ាស៊ីនធ្វើការនៅស្ថានីយធំៗ
_large.jpg)
ដូច្នេះហើយបានពួកយើងណែនាំឲ្យអ្នកមានបំណងទិញកុំព្យូទ័រគួរសម្រេចចិត្ត តែរវាង RAM 4GB ឬ 8GB ទៅតាមគោលបំណងប្រើប្រាស់ បើអ្នកទិញយកមកធ្វើការងារការិយាល័យគួរយក 4GB ហើយបើចង់មានបំណងលេងហ្គេម និងធ្វើការលើផ្នែករចនា ឬកាត់តវីដេអូ ពិតណាស់ដែល 8GB សមល្មម ហើយគួរទុកថវិកាដែលនៅសល់ ទៅពង្រឹងលើល្បឿន CPU ឬប្រភេទកាតក្រាហ្វិកល្អជាជាង ៕
ដោយ៖ បូណា