កម្ពុជា សង្ឃឹមថានិងទទួលបានបទពិសោធន៍ច្រើនពីអ្នកជំនាញមកពីសហព័ន្ធប៉េតង់អន្តរជាតិ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ឆ្នាំ ២០១៩

20727
  • ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកកម្ពុជា កាលពីម្សិលមិញ នៅសាលនាយកដ្ឋានកីឡា នៃពហុកីឡដ្ឋានជាតិ ជាមួយគ្នានេះ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់និងទទួលបានបទពិសោធន៍ច្រើន ពីអ្នកជំនាញមកពីសហព័ន្ធប៉េតង់អន្តរជាតិ សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ ជើងឯកពិពភលោក ឆ្នាំ ២០១៩ ខាងមុខនេះ ។

    ឯកឧត្តម ប៊ូ ជុំសេរី មានប្រសាសន៍ថា វត្តមានរបស់ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក និងនាយកបច្ចេកទេស មកចែករំលែកបទពិសោធន៍ដល់អជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកកម្ពុជា គឺជាឪកាសដ៏ល្អមួយសម្រាប់កម្ពុជា ។ ឯកឧត្តម បន្តថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចែកចេញជា ២ វគ្គ ដោយវគ្គទី ១ បង្រៀនដោយលោក Claude Azema ផ្តោតសំខាន់ទៅលើវិធីសាស្រ្ត ក្នុងការធ្វើជាអាជ្ញាកណ្តាល ចៅក្រម សម្រាប់ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាប៉េតង់ជើងឯកពិភពលោក ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលមានការប្រឡងបច្ចេកទេសស្វែងរកមន្ត្រីអាជ្ញាកណ្តាល និងចៅក្រមណាដែលល្អៗទទួលបានពិន្ទុខ្ពស់ ក្នុងវគ្គសិក្សានេះនឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតនាចុងឆ្នាំនេះ ។ រីឯវគ្គទី ២ បង្រៀនដោយនាយកបច្ចេកទេស នៃសហព័ន្ធប៉េតង់ពិភពលោក គឺលោក Victor Nataf ផ្តោតសំខាន់លើវគ្គសិក្សាគ្រូបង្វឹក ដើម្បីយកចំណេះដឹងផ្នែកកីឡាប៉េតង់នេះទៅបន្តការបង្រៀនដល់សិស្សសាលាយុវជននានា នៅតាមបណ្តាលខេត្ត-រាជធានី ក្នុងគោលដៅអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅកម្ពុជា ។

    ឯកឧត្តម ជឿជាក់ថា ការទទួលធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោករបស់កម្ពុជា សហព័ន្ធកីឡាប៉េតង់ពិភពលោក នឹងបញ្ជូនអាជ្ញាកណ្តាល ចៅក្រមត្រឹមតែ ៥ ទៅ ៦ នាក់ ក្រៅពីនោះប្រើប្រាស់ធនធានក្នុងស្រុក ដែលអាស្រ័យទៅលើប្រទេសដែលចូលរួម ប៉ុន្តែយើងនឹងពិភ្សាគ្នានាពេលខាងមុខ ថាតើនឹងត្រូវប្រើប្រាស់អាជ្ញាកណ្តាល ចៅក្រមប៉ុន្មាននាក់ ដើម្បីឲ្យសមស្របទៅតាមតម្រូវការជាក់ស្តែង ។

    សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកនេះ មានសិក្ខាកាមចូលរួម ចំនួន ៣២ នាក់ ឧទ្ទេសនាមដោយលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក និងលោក Victor Nataf នាយកបច្ចេកទេសសហព័ន្ធប៉េតង់ពិភពលោក បន្ទាប់ពីវគ្គនេះរួច លោក Claude Azema និងលោក Victor Nataf នឹងចុះពិនិត្យមើលហេដ្នារចនាសម្ពន្ធ័កីឡាប៉េតង់ នៅពហុកីឡដ្នានជាតិ សម្រាប់ត្រៀមរៀបចំការប្រកួតជើងឯកពិភពលោក ២០១៩ ខាងមុខនេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី