
ក្លឹបបាល់ទាត់ព្រះខ័នរាជ ខេត្តស្វាយរៀង បានបង្ហាញសមាជិកថ្មីចុងក្រោយរបស់ខ្លួនគឺកីឡាករ Trevin Caesar ដែលមកពីប្រទេស ទ្រីនីដាដ និង តូបាហ្គូ ទើបតែចុះកិច្ចសន្យាជាមួយក្លឹបដើម្បីចូលរួមប្រជែងដណ្ដើមពានលីគកំពូលនៅរដូវកាលថ្មីនេះ។ កីឡាករ Trevin Caesar មានកម្ពស់ ១.៧០ម៉ែត្រ តួនាទីជាខ្សែប្រយុទ្ធ កីឡាកររូបនេះធ្លាប់លេងឲ្យក្លឹប Ma Pau, Caledonia AIA និង North East Stars ។
នៅឆ្នាំ ២០១៤ Trevin Caesar បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយ San Antonio Scorpions។ បន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយនឹងក្រុមបាល់ទាត់ United Soccer League Austin Aztex នៅឆ្នាំ ២០១៥ កីឡាករ Trevin Caesar បានផ្ទេរទៅកាន់ USL’s Orange County Blues នៅឆ្នាំ ២០១៦ ។ នៅរដូវកាលឆ្នាំ ២០១៧ គាត់បានចូលរូមជាមួយក្លឹប Sacramento Republic ។ កីឡាករ Trevin Caesar រូបនេះក៏ធ្លាប់លេងឲ្យក្រុមជម្រើសជាតិ ទ្រីនីដាដ និងតូបាហ្គូ ក្នុងឆ្នាំ ២០១៣ ផងដែរ ។
ក្លឹប ព្រះខ័នរាជស្វាយរៀង ត្រូវបើកឆាករដូវកាលថ្មីរបស់ខ្លួន ប៉ះ ក្រុមខ្លាំង ណាហ្គាវ៉ើល នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៨ នាវេលាម៉ោង ៣:០០ រសៀល នៅកីឡាដ្ឋាន អេ.អុី.យូ ស្ពតផា ស្អែកនេះ ៕
ដោយ៖ តារា