Mbappe រកគ្រាប់ទី ៥០ នៅ PSG និងជួយឱ្យក្លឹបបង្កើតកំណត់ត្រាពិសេសថ្មីមួយនៅ Ligue 1

16694
  • Kylian Mbappe បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ម្នាក់ឯងក្នុងជំនួបទល់នឹងក្រុម Caen កាលពីយប់ថ្ងៃសៅរ៍ ដើម្បីឈានទៅដល់គ្រាប់ទី ៥០ នៅក្នុងអាជីពបាល់ទាត់របស់ខ្លួននៅ Paris Saint-Germain ក្នុងការប្រកួតទាំងអស់ ។ Mbappe បានស៊ុតបាល់បញ្ចូលទីទាំងពីរគ្រាប់ក្នុងជ័យជម្នះ ២-១ ដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រដើម្បីតាមស្មើនៅនាទី ៥៩ មុនពេលស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី ៨៧ ខណះក្រុម Caen បានស៊ុតនាំមុខនៅនាទី ៥៦ ដោយកីឡាករ Casimir Ninga ។

    ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះបានឈានដល់ការស៊ុតបញ្ចូលទីចំនួន ៥០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៧៦ ប្រកួតជាមួយម្ចាស់ជើងឯកបារាំងក្លឹប Paris Saint-Germain និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ( Assists ) ចំនួន ២៨ ដងផងដែរ ។ Mbappe រកគ្រាប់បាល់សរុបបានចំនួន ៧៧ គ្រាប់ហើយចាប់តាំងពីប្រកបអាជីពជាកីឡាករបាល់ទាត់រហូតមកដល់ពេលនេះ នេះបើគិតតាំងពីរូបគេលេងនៅក្លឹប AS Monaco និង Paris Saint-Germain ។ Mbappe ស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 នារដូវកាលនេះដោយតាមពីក្រោយ Lionel Messi តែ ១ គ្រាប់ប៉ុណ្ណោះដែលម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័កាលវ័យ ៣១ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ២៥ គ្រាប់ និងកំពុងក្លាយជាកីឡាកររកគ្រាប់បានច្រើនបំផុតនៅក្នុងលីកកំពូលអឺរ៉ុបទាំង ៥ នៅរដូវកាលនេះ ។

    លើសពីនេះទៅទៀត Mbappe បានស៊ុតបាល់បញ្ចូលទីយ៉ាងហោចណាស់ ២ គ្រាប់នៅក្នុងការប្រកួត ២ លើកជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌ Ligue 1 ជាលើកដំបូង បន្ទាប់ពីគាត់បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ទៀតទល់នឹងក្រុម Nimes នៅថ្ងៃទី ២៣ ខែកុម្ភៈ កន្លងទៅនេះ ។ ជាមួយជ័យជម្នះនេះ PSG ក៏បានបង្កើតកំណត់ត្រាថ្មីមួយផ្សេងទៀតនៅក្នុងក្របខ័ណ្ឌ Ligue 1 ផងដែរ ដែលអាចរកពិន្ទុខ្ពស់បំផុតត្រឹមសប្ដាហ៍ទី ២៦ នេះ ។ Paris Saint-Germain បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ Ligue 1 ដោយមាន ៧១ ពិន្ទុដែលជាចំនួនខ្ពស់បំផុតនៅគិតត្រឹមសប្ដាហ៍នេះក្នុងប្រវត្តិសាស្ត្រលីគកំពូលរបស់បារាំង ។

    ក្រុមរបស់លោក Thomas Tuchel ត្រូវការ ២៦ ពិន្ទុទៀតប៉ុណ្ណោះពីការប្រកួត ១២ ប្រកួតចុងក្រោយរបស់ពួកគេដើម្បីឱ្យលើសពីកំណត់ត្រាសរុបមួយរដូវកាលដែលរកបានតែ ៩៦ ពិន្ទុ កាលពីក្លិបក្លាយជាម្ចាស់ជើងឯកលីគកំពូលបារាំងនៅឆ្នាំ ២០១៥-១៦ ។ Paris Saint-Germain បានបរាជ័យតែ ១ ប្រកួតប៉ុណ្ណោះនៅ Ligue 1 នារដូវកាលនេះ ហើយកំពុងសម្លឹងគ្រងជើងឯកលីគកំពូលបារាំងលើកទី ៦ ក្នុងរយៈពេល ៧ រដូវកាលចុងក្រោយរបស់ខ្លួនផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី