Lewandowski ក្លាយជាកីឡាករបរទេសស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ Bundesliga

39079
  • ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski បានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Bundesliga ក្នុងនាមជាកីឡាករអាជីពបរទេស ។

    ការស៊ុតបញ្ចូលទី ២ គ្រាប់របស់ Robert Lewandowski កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ រូបនេះរកបានចំនួន ១៩៥ គ្រាប់ក្នុងក្របខ័ណ្ឌ Bundesliga ដោយបានបំបែកកំណត់ត្រារបស់លោក Claudio Pizarro ក្នុងនាមជាកីឡាករបរទេសរកគ្រាប់បានច្រើនបំផុតនៅក្នុងលីគកំពូលអាល្លឺម៉ង់ ។ Lewandowski បានរកគ្រាប់បាល់ ២ គ្រាប់នៅលើទឹកដី Borussia-Park ខណៈដែលក្រុម Bayern Munich បានផ្តួល Borussia Monchengladbach យ៉ាងងាយក្នុងលទ្ធផល ៥-១ ។

    ការទទួលជ័យជម្នះនេះបានធ្វើឱ្យក្រុម Bayern ទទួលបានពិន្ទុស្មើជាមួយក្រុម Borussia Dortmund នៅក្នុងតារាងកំពូលក្របខ័ណ្ឌ Bundesliga ខណៈដែលក្រុមយក្សរបស់អាល្លឺម៉ង់មួយនេះកំពុងសម្លឹងរកបានពានរង្វាន់ Bundesliga ជាលើកទី ៧ ជាប់ៗគ្នារបស់ខ្លួន ។ Lewandowski ធ្លាប់លេងឲ្យក្លិប Borussia Dortmund ពីក្លឹប Lech Poznan កាលពីឆ្នាំ ២០១០ មុនពេលផ្លាស់ទៅក្លឹប Bayern Munich កាលពីដើមរដូវកាល ២០១៤-១៥ ។

    សមាជិកក្រុមជម្រើសជាតិប៉ូឡូញរូបនេះបានក្លាយទៅជាកីឡាករបរទេសស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងក្របខ័ណ្ឌ Bundesliga នេះបើគិតទាំងការលេងនៅ Borussia Dortmund នឹង Bayern Munich ដោយរកគ្រាប់បាល់សរុបបានចំនួន ១៩៥ គ្រាប់ច្រើនជាងកីឡាករបរទេសណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រលីគកំពូលអាល្លឺម៉ង់ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី