ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធសាខាទួលសង្កែថ្មីមួយទៀតដើម្បីឆ្លើយតបនឹងកំណើនតម្រូវការរបស់អតិថិជន

14067
  • គណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតានៅកម្ពុជា បានរៀបចំពិធីសូត្រមន្ត កាលពីចុងសប្តាហ៍មុននេះ ដើម្បីបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយកន្លែងទៀត គឺ សាខា ទួលសង្កែ ក្នុងគោលបំណងបំពេញតាមកំណើនតម្រូវការរបស់អតិថិជន ។

    សាខាថ្មីនេះ មានអាសយដ្ឋានស្ថិតនៅឃ្លាំងលេខ ២១អា ផ្លូវលេខ ៥៩៨ (ផ្លូវជាសុផារ៉ា) ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលពិធីខាងលើនេះ រៀបចំឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន ព្រមទាំងវត្តមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាច្រើនរូបទៀតផងដែរ ។ នាឱកាសនោះដែរ នាយកសាខាថ្មីរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទួលសង្កែ បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា “ពួកយើងទាំងអស់គ្នាបានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសម្រឹតសម្រាំងជ្រើសរើសយកអ្នកជំនាញឯកទេសយ៉ាងពិតប្រាកដ ក៏ដូចជាបុគ្គលិកបម្រើការងារប្រកបដោយវិជ្ជាជីវៈ ដើម្បីមកផ្តល់សេវាកម្មយ៉ាងល្អបំផុតជូនដល់អតិថិជន” ។

    គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ២៦ ឆ្នាំមកហើយ ដោយសង្កេតឃើញថា សន្ទុះ និងការគាំទ្រពីអតិថិជនមានការកើនឡើងឥតឈប់ឈរ និងដើម្បីបំពេញតម្រូវការ ក៏ដូចជាដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនផងដែរនោះ ទើបក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្រេចបង្កើតសាខាថ្មីមួយទៀត ដែលមានបម្រើសេវាកម្មដូចជា៖ លក់រថយន្តថ្មី ផ្តល់សេវាកម្មជួលជុលរថយន្ដ និងផ្គត់ផ្គង់គ្រឿងបន្លាស់ ។ នាយកសាខាថ្មីរូបនេះ បានបន្ថែមទៀតថា បន្ទាប់ពីការពង្រីកសាខាជាច្រើនមកនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សង្ឃឹមយ៉ាងមុតមាំថា សាខាថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជន ប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់ ។

    សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ តូយ៉ូតាមានទីស្នាក់ការបណ្ដោះអាសន្នចំនួន ៣ កន្លែង និងសាខាចំនួន ៦ កន្លែង សម្រាប់បំពេញសេចក្តីត្រូវការរបស់អតិថិជន ក្នុងនោះក៏មានសាខាតាមខេត្តចំនួន២ផងដែរ គឺ សាខាខេត្តបាត់ដំបង និងខេត្តសៀមរាប ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី