សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បង្ហាញសមិទ្ធផល ឆ្នាំ ២០១៨ និងដាក់ទិសដៅអភិវឌ្ឍន៍ឈានទៅស៊ីហ្គេម ឆ្នាំ ២០២៣

12735

សហព័ន្ធកីឡាម៉ូទឹកកម្ពុជាបានរៀបចំសន្និបាតបូកសរុបសកម្មភាពការងារ ប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០១៩ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីពិនិត្យលទ្ធភាពហេដ្ធារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យការហ្វឹកហាត់របស់កីឡាម៉ូតូទឹកកម្ពុជាពង្រឹងការគ្រប់គ្រង និងដឹកនាំផ្ទៃក្នុងសហព័ន្ធ ដើម្បីធានាប្រសិទ្ធភាពការងារឆ្ពោះទៅដណ្ដើមយកមេដាយមាសពីការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ និងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។

ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា គូសបញ្ជាក់ថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាទើបនឹងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ប៉ុន្តែសហព័ន្ធបានបង្កើតនូវរាល់សកម្មភាព និងសមិទ្ធផលដែលសហព័ន្ធសម្រេចបានគឺមានភាពរលូន និងទទួលបានជ័យជម្នះជាបន្តន្ទាប់ទាំងការប្រកួតថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ ។ សហព័ន្ធបានដាក់សំណើរចុះឈ្មោះ ជាសមាជិកកីឡាម៉ូតូទឹកអន្តរជាតិ ដើម្បីទទួលបានកិច្ចគាំទ្រលើការបណ្ដុះបណ្ដាលបច្ចេកទេស និងមានការទទួលស្គាល់ជាអន្តរជាតិ ។ កាលពីឆ្នាំ ២០១៨ កន្លងមក សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនតាមរយៈការប្រកួតដណ្ដើមយកមេដាយមាស និងសំរឹទ្ធ ពីកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី និងឈ្នះមេដាយមាស និងសំរឹទ្ធ ពីព្រឹត្តិការណ៍ជើងឯកពិភពលោកទៀតផង ។

ជាមួយគ្នានោះសហព័ន្ធបានលើកទិសដៅ ឆ្នាំ ២០១៩ ក្នុងការរៀបចំបណ្ដុះបណ្ដាលកីឡាករថ្នាល គ្រូបង្វឹក និងអជ្ញាកណ្ដាលឲ្យបានច្រើន នៅតាមរាជធានីខេត្ត ដើម្បីរក្សាភាពខ្លាំងរបស់ខ្លួនឈានទៅចូលរួមប្រជែងមេដាយនៅលើឆាកអន្តរជាតិជាបន្តទៀត ជាពិសេសគោលដៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ខាងមុខ ។ សហព័ន្ធក៏បានលើកឡើងនូវបញ្ហប្រឈមួយចំនួន ដូចជាខ្វះខាតធនធានកីឡាករ សម្ភារៈហ្វឹកហាត់ ដោយស្នើសុំឲ្យមានការគាំទ្រទាំងធនធានថវិកា និងសម្ភារៈពីដៃគូឯកជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តគោលដៅអភិវឌ្ឍរបស់ខ្លួនឲ្យទទួលបានលទ្ធផលផ្លែផ្កា នាថ្ងៃអណាគត ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី