ចុម!!! Neymar សរសើរចំៗថា Mbappe នឹងក្លាយជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់

7518

Neymar តារាបាល់ទាត់របស់ក្លឹប Paris Saint-Germain បានធ្វើការសរសើរចំៗតែម្ដងចំពោះមិត្តរួមក្រុមរបស់ខ្លួនគឺកីឡាករ Kylian Mbappe ដោយនិយាយថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះនឹងក្លាយជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់នាពេលអណាគត ។

ខ្សែប្រយុទ្ធដែលទើបនឹងមានវ័យ ២០ ឆ្នាំ Kylian Mbappe កំពុងបន្តរីកចម្រើនយ៉ាងខ្លាំងតាំងពីផ្លាស់មកកាន់ក្លឹប Paris Saint-Germain នៅឆ្នាំ ២០១៧ បន្ទាប់ពីជួយឲ្យក្លឹប AS Monaco គ្រងតំណែងជើងឯកបារាំងកាលពីរដូវកាល ២០១៦/១៧ ។ កីឡាករដែលឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ FIFA World Cup រូបនេះស៊ុតបញ្ចូលទីសរុបបានចំនួន ៥០ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ PSG បន្ទាប់ពីរកបាន ២ គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ២-១ លើក្រុម Caen ក្នុងក្របខ័ណ្ឌ Ligue 1 ។

ត្រឹមវ័យ ២០ ឆ្នាំនេះ Mbappe បានឈ្នះពានរង្វាន់ជាច្រើនទាំងជាមួយ Paris Saint-Germain និងក្រុមជម្រើសជាតិបារាំងនៅក្នុងអាជីពរបស់ខ្លួន ដោយពានទាំងនោះរួមមាន FIFA World Cup ១ លើក , Ligue 1 ចំនួន ២ ដង , ពានរង្វាន់ Coupe de France និង Coupe de la Ligue ចំនួន ១ ដងដូចគ្នាផងដែរ ។

Neymar បានធ្វើសរសើរយ៉ាងខ្លាំងចំពោះមិត្តរួមក្រុមរបស់ខ្លួននៅ PSG រូបនេះដោយបានប្រាប់ទូរទស្សន៍ Globo របស់ប្រេស៊ីលថា៖ ” ទំនាក់ទំនងដែលខ្ញុំមានជាមួយគាត់គឺល្អបំផុតដែលអាចធ្វើទៅបានទាំងនៅក្នុងនិងក្រៅទីលាន ។ ខ្ញុំហៅគាត់ថា ‘Golden Boy’ គាត់ជាក្មេងប្រុសដែលខ្ញុំមានសេចក្ដីស្រឡាញ់ពិសេស ដែលនឹងក្លាយជាកីឡាករល្អបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ ហើយខ្ញុំព្យាយាមជួយគាត់តាមរបៀបដ៏ល្អបំផុត ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី