
កីឡាករល្បីៗមួយចំនួនដូចជាកីឡាករ Neymar Jr. , Kylian Mbappe, Eden Hazard និងកីឡាករមួយចំនួនផ្សេងទៀតសុទ្ធតែធ្លាប់មានព័ត៌មានចចាមអារ៉ាមពាក់ព័ន្ធនឹងការផ្ទេរទៅក្លឹបអធិរាជសទាំងអស់ ប៉ុន្តែផ្ទុយទៅវិញបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Don Balon មានឈ្មោះបេក្ខជនម្នាក់ដែលអ្នកគាំទ្រអាចមិននឹកស្មានដល់ប៉ុន្តែ មានលទ្ធភាពខ្ពស់ដែលអាចនឹងក្លាយជាការពិតនោះត្រូវបានលោក Florentino Perez បង្ហើបឱ្យដឹង ។
សេចក្ដីរាយការណ៍ខាងលើបានលើកឡើងថាលោក Perez មានបំណងរកកីឡាករមកជំនួសខ្សែប្រយុទ្ធ Karim Benzema ដោយបានសម្លឺងមើលកីឡាករ Rodrigo Moreno ដែលកំពុងលេងនៅក្នុងក្លឹប Valencia ។ ខ្សែប្រយុទ្ធរូបនេះមានទម្រង់លេងល្អហើយមួយរយៈនេះបានក្លាយជាទីចាប់អារម្មណ៍សម្រាប់ក្លឹបយក្សៗមួយចំនួននៅអឺរ៉ុប ដែលទើបញុំាងឱ្យមានព័ត៌មានចចាមអារ៉ាមអំពីអនាគតរបស់គេ ។
បើតាមរបាយការណ៍នេះក៏បាននិយាយបន្តឲ្យដឹងទៀតដែរថាកីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៧ ឆ្នាំរូបនេះនឹងមិនមានតម្លៃផ្ទេរថ្លៃដូចកីឡាករ Kylian Mbappe ឬ Eden Hazard នោះទេ ពោលគឺត្រូវបានគេប៉ាន់ស្មានតម្លៃផ្ទេប្រហែលត្រឹមតែ ៨០ លានអឺរ៉ូប៉ុណ្ណោះ ៕
ដោយ៖តារា