
ខ្សែបម្រើកណ្តាលរបស់ក្លឹប Real Madrid កីឡាករ Casemiro បានពិភាក្សាអំពីវិធីផ្សេងៗគ្នាដែលគ្រូបង្វឹកជាច្រើនធ្លាប់បានធ្វើកាលពីដឹកនាំនៅក្នុងក្លឹបអធិរាជស ជាពិសេសបាននិយាយអំពីលោក Santiago Solari និងលោក Zinedine Zidane ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះចាប់ផ្ដើមក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹប Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ប៉ុន្តែកីឡាកររូបនេះជឿជាក់ថាគ្រូបង្វឹកទាំងអស់របស់ខ្លួនមានគុណសម្បត្ដិមានអត្ថប្រយោជន៍ផ្សេងៗគ្នា ។
Casemiro បានឆ្លើយតបទៅនឹងប៉ុស្តិ៍ទូរទស្សន៍ប្រេស៊ីល Esporte Interativo ថា៖ ” វាមិនយុត្តិធម៌ឡើយក្នុងការលុបឈ្មោះគ្រូបង្វឹកម្នាក់ ។ លោក Mourinho, លោក Ancelotti, លោក Zidane, លោក Rafa Benitez … ម្នាក់ៗមានលក្ខណៈសំខាន់ៗផ្ទាល់ខ្លួនរបស់ពួកគេ ” ។
ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះបានបន្តទៀតថា៖ ” ជាមួយនឹងលោក Zidane គាត់មានទំនាក់ទំនងជាច្រើនជាមួយនឹងកីឡាករ ប្រៀបដូចជាទំនាក់ទំនងរវាងឪពុកនិងកូន ។ នឹងដូចជាមិត្តភក្តិម្នាក់ ។ លោក Solari ក៏បានធ្វើដូចគ្នានេះដែរ គាត់គឺយុត្តិធម៌ចំពោះមនុស្សគ្រប់គ្នា ” ៕
ដោយ៖តារា