សហព័ន្ធខ្មែរកីឡាហែលទឹក បណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹកកម្រិត ១ ដើម្បីពន្លឿនវិញ្ញាសាថ្មីមួយនេះឱ្យរីកចម្រើន

9442

សហព័ន្ធខ្មែរកីឡាហែលទឹក វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក កម្រិត១ ដើម្បីពន្លឿនវិញ្ញាសាថ្មីមួយនេះ ឱ្យរីកចំរើន និងពេញនិយម ដោយមានសិក្ខាកាមចំនួន ២០ រូប មកពីសមាគមកីឡាហែលទឹកចំនួន ៨ ក្នុងនោះមាន សមាគមក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ខេត្តត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និងសៀមរាប ព្រឹកថ្ងៃតី ០៥ ខែមិនា នេះ បានជួបជុំគ្នានៅស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីទទួលការបណ្ដុះបណ្ដាលឲ្យក្លាយជាគ្រូបង្វឹកបាល់ ទឹកកម្រឹត១ ។

លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ៥  ដល់ថ្ងៃទី ៧ មីនា រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការជួយឧបត្ថម្ភ ពីសហព័ន្ធកីឡាហែល ទឹកអន្តរជាតិ(FINA) ដែលបង្រៀនដោយ លោក Alexander dela Celda Brokina ជាគ្រូឧទ្ទេស សញ្ជាតិគុយបា ។ លោក បន្តថា មានប្រសាសន៍ថា វគ្គនេះគឺ តពីវគ្គដំបូង ហើយសិក្ខាកាមភាគច្រើនដែលបានចូលរួម នៅវគ្គដំបូងគឺរៀនទ្រឹស្ដីច្រើនជាងបច្ចេកទេស តែនៅវគ្គនេះ រៀនពីបច្ចេកទេស ដោយការអនុវត្តជាក់ស្ដែងច្រើនជាងទ្រឹស្ដី ផ្ដោតសំខាន់ លើការហ្វឹកហាត់មូលដ្ឋានគ្រឹះកីឡាបាល់ទឹកតែម្ដង ។ នេះជាវិញ្ញាសាថ្មី ១ ទៀត ដែលជាផ្នែកមួយលើប្រភេទកីឡាហែលទឹក ព្រោះថាកីឡាហែលទឹកមានច្រើនផ្នែក គឺមានផ្នែកហែលទឹក លោតទឹក របាំក្នុងទឹក បាល់ទឹក និងហែលទឹកតាមទីធម្មជាតិ ។ នេះបើតាមការបញ្ជាក់របស់ លោក ហែម គិរី ។ សម្រាប់កីឡាបាល់ទឹកវិញគឺជា គំនិតផ្ដួចផ្ដើម របស់ឯកឧត្តម ស៊ុន ច័ន្ទថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានកំណត់ឲ្យសហព័ន្ធ និងមន្ដ្រីបច្ចេកទេស ធ្វើការបណ្ដុះបណ្ដាល និងបង្កើតកីឡាបាល់ទឹកនេះឡើង ព្រោះនៅស៊ីហ្គេមឆ្នាំ ២០២៣ មិនមែនមានតែផ្នែកកីឡាហែលទឹក ១ ទេ បើបាល់ទឹកមានសក្ដានុពលយើងអាចដាក់វិញ្ញសាបាល់ទឹកនេះ ទៅក្នុងការប្រកួតផងដែរ ដូច្នេះទើបសហព័ន្ធជំរុញអោយបង្កើតវិញ្ញាសាថ្មីមួយនេះដើម្បីពន្លឿនសិទ្ធផល និងទាក់ទាញយុវជនអោយចូលរួមហ្វឹកហាត់ ។

គួររំលឹកថា កីឡានេះយើងធ្លាប់មានតាំងពីទស្សវត្សទី ៦០ មកម្លេះតាំងពីក្នុងព្រឹត្តិការណ៍កីឡាហ្គានីហ្វូ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ តែបន្ទាប់ពីសង្គ្រាម កីឡានេះ ទើបតែបង្កើតបាន ២ ឆ្នាំនេះទេ ។ សព្វថ្ងៃកម្ពុជាទើបតែមានក្រុមបាល់ទឹកចំនួន ២ ក្រុមប៉ុណ្ណោះគឺមួយក្រុមនៅ រាជធានីភ្នំពេញ និង មួយក្រុមនៅខេត្តកំពង់ចាម ។ លោក អគ្គលេខាធិការ ក៏បានអះអាង ពីការរៀបចំឲ្យមានការប្រកួត បាល់ទឹកប្រចាំឆ្នាំ និងបង្កើតកម្មវិធីហ្វឹកហាត់ប្រចាំសប្ដាហ៍បន្ទាប់ពីអាងហែលទឹក ក្នុងពហុកីឡាដ្ឋានជាតិបាន បញ្ចប់ការជួសជុលជាស្ថាពរ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី