សម្រាំងបានម្ចាស់ជ័យលាភីលើ ៥ ប្រភេទកីឡាពីសិស្សមធ្យមសិក្សាជើងឯកខេត្តកណ្តាល ឆ្នាំ ២០១៩

20285
  • ព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំសិក្សា ២០១៨-២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យបន្ទាប់ពីបានដំណើរការប្រកួតយ៉ាងសកម្មជាច្រើនថ្ងៃលើ ៥ ប្រភេទកីឡាដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ នៅកីឡដ្ឋានខេត្តកណ្តាល បន្ទាប់ពីគណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានម្ចាស់ជ័យលើ៥ ប្រភេទកីឡារួចរាល់ហើយនោះ ។

    លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាបញ្ជាក់ថា ជ័យ លាភី លេខ ១ ផ្នែកបាល់ទាត់បុរស ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព, លេខ ១ ផ្នែកនារី ក្រុមវិទ្យាល័យ ហ៊ុន សែន សិរីដីដុំ ។ ផ្នែកបាល់ទះ លេខ ១ វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ខណៈលេខ ១ នារី វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ។ ផ្នែកបាល់បោះបុរស-នារី ចំណាត់ថ្នាក់លេខ ១ បានទៅលើ ក្រុមវិទ្យាល័យ ហ៊ុនសែនតាខ្មៅ ដូចគ្នា ។ ចំពោះជ័យលាភី លើប្រភេទកីឡាប៉េតង់ចំណាត់ថ្នាក់លេខ ១ លើ វិញ្ញាសា ៣ នាក់ទល់ ៣ នាក់បានទៅលើក្រុមអនុវិទ្យាល័យព្រែកហូរ-១ ខណៈលេខ ១ វិញ្ញាសាវាយយកពិន្ទុ បានទៅលើឈ្មោះ ហេវ ធារ៉ា មកពីវិទ្យាល័យហ៊ុនសែនតាខ្មៅ ។ រីឯប្រភេទកីឡាអត្តពលកម្មក៏ត្រូវបាន គណៈកម្មការបច្ចេទេសរកឃើញម្ចាស់ជ័យលាភីដែរ ដែលមានវិញ្ញាសារហូត ដល់ ១២ វិញ្ញាសា ឯណោះ ។ ក្រៅពីចំណាត់ថ្នាក់លេខ ១ ក៏មានចំណាត់ថ្នាក់លេខ ២ ដល់លេខ ៣ លើគ្រប់វិញ្ញាសាទាំងអស់នៃ ៥ ប្រភេទកីឡា ដែលមានប្រាក់រង្វាន់ជ័យលាភីសរុបចំនួន ២៤ លានរៀល ។

    ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាលបានសាទរចំពោះភាពជោគជ័យ នៃការប្រកួត កីឡា សិស្ស ធម្យមសិក្សាឆ្នាំ ២០១៩ នេះ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍធនធានមនុស្សលើវិស័យ កីឡារបស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដែលកំពុងដើរតាមគោលនយោបាយជាតិអប់រំកាយ និង កីឡាឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ខាងមុខ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី