
ក្លឹប PSG មានបំណងយកលោក Antonio Conte ទៅដឹកនាំក្រុមនារដូវកាលក្រោយនេះ ជំនួសលោក Unai Emery ដែលនាំក្រុមចាញ់ Real Madrid ត្រឹមវគ្គ១៦ក្រុមចុងក្រោយ Champions League ។
កាសែត France បានអះអាងដូចខាងលើនេះ ហើយបញ្ជាក់ថានៅសប្ដាហ៍ក្រោយ ការចរចានឹងកើតមានឡើងនៅទីក្រុងបារីស។ Emery ដែលជាអ្នកចាត់ការក្រុម PSG បច្ចុប្បន្នកំពុងតែដឹកនាំក្រុមបានល្អនៅលីគបារាំង ប៉ុន្តែគោលដៅធំរបស់ក្លឹបដែលចាយលុយមហាសាលនេះមិនមែនលីគកំពូលរបស់ខ្លួននោះទេ។ ក្ដីបំណងធំរបស់ក្លឹបយក្សមួយនេះ ចង់បានពានរង្វាន់ UEFA Champions League ឯណោះ។
ដោយសារតែដូច្នេះហើយ ទើបការដែលបរាជ័យក្រោមថ្វីជើង Real Madrid បានធ្វើឱ្យក្លឹបមួយនេះ ក៏ដូចជាប្រធានក្លឹបផ្ទាល់ មិនពេញចិត្តទាល់តែសោះ ព្រោះខកបំណងមែនទែន។ មិនមានការប្រកាសជាផ្លូវការថានឹងបណ្ដេញលោក Emery ចេញទេ ប៉ុន្តែប្រភពនៅបារាំងបានបញ្ជាក់ថាអតីតអ្នកចាត់ការ Sevilla រូបនេះ នឹងចាកចេញនៅពេលចប់រដូវកាលនេះហើយ។
ខណៈដែលអ្នកចាត់ការជម្រើសទី១សម្រាប់ PSG គឺលោក Conte បច្ចុប្បន្នកំពុងដឹកនាំក្រុម Chelsea និងជម្រើសទី២គឺលោក Mauricio Pochettino អ្នកចាត់ការរបស់ Spurs ៕
ដោយ៖ តារា