មិនត្រឹមតែជួយឱ្យក្រុមឡើងទៅវគ្គបន្តទេ Kane ថែមទាំងបានបំបែកកំណត់ត្រាដ៏អស្ចារ្យមួយទៀតនៅ Spurs

9035

មួយគ្រាប់របស់ Harry Kane ទល់នឹងក្រុម Borussia Dortmund មិនត្រឹមតែធ្វើឱ្យក្រុមរបស់ខ្លួនឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ប៉ុណ្ណោះទេ ថែមទាំងបានបង្កើតកំណត់ត្រាមួយផ្សេងទៀតសម្រាប់ក្លឹប Tottenham Hotspur ផងដែរ ។

ក្រោយពីការប្រកួតជើងទីមួយទទួលជ័យជម្នះ ៣-០ នៅឯកីឡដ្ឋាន Wembley ក្រុមមាន់ខ្នាយមាស Spurs បានធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់កាលពីថ្ងៃអង្គារសម្រាប់ការប្រកួតជើងទី ២ នៃវគ្គ ១៦ ក្រុមចុងក្រោយដែលត្រូវប៉ះជាមួយក្លឹប Borussia Dortmund ។ ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីចំនួន ២ គ្រាប់ ពេលប៉ះជាមួយនឹងក្រុម PSV កាលពីខែវិច្ឆិកាដើម្បីរកបាន ២៣ គ្រាប់នៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ហើយការរកបាន ១ គ្រាប់យប់មិញនេះធ្វើឲ្យរូបគេក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតសម្រាប់ក្លឹប Tottenham Hotspur ជាមួយគ្រាប់បាល់ ២៤ គ្រាប់នៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ។

ការរកបាន ២៤ គ្រាប់នេះធ្វើ  Harry Kane ឈរនៅពីលើលោក Martin Chivers ដែលរកបាន ២២ គ្រាប់ និងបានបញ្ចប់កំណត់ត្រារបស់លោក Jermain Defoe ចំនួន ២៣ គ្រាប់ ដែលជារកគ្រាប់បានច្រើនបំផុតសម្រាប់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ។ លោក Martin Chivers គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៣ នាក់ដែលនាំមុខគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅ Spurs ខណៈដែលលោក Bobby Smith និងលោក Jimmy Greaves គឺជាកីឡាករដែលរកគ្រាប់បាល់ច្រើនសម្រាប់ប្រវត្តិសាស្ត្រក្លឹប Tottenham នៅក្នុងការប្រកួតទាំងអស់ ។

Harry Kane បច្ចុប្បន្នស៊ុតបញ្ចូលទីបានចំនួន ១៤ គ្រាប់នៅក្នុងក្របខ័ណ្ឌ UEFA Champions League និងចំនួន ១០ គ្រាប់នៅក្នុងក្របខ័ណ្ឌ Europa League ។ ក្រៅពីការខិតខំប្រឹងប្រែងរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះនៅក្នុងក្របខ័ណ្ឌ Champions League កីឡាករ Harry Kane ក៏រកបាន ១៦ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ( Assists ) ៤ លើកផងដែរក្នុងការបង្ហាញខ្លួន ២៥ ប្រកួតនៅ Premier Leauge សម្រាប់ Spurs រដូវកាលនេះ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី