លោក មូន ជែអ៊ីន ស្នើឲ្យមានជំនួបត្រីភាគីរវាងសហរដ្ឋអាមេរិក កូរ៉េខាងជើង និងកូរ៉េខាងត្បូង ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ

10589

កូរ៉េខាងត្បូងបានស្នើសុំឲ្យមានកិច្ចប្រជុំត្រីភាគីពាក់កណ្តាលផ្លូវការ ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ខណៈពួកគេប្រឹងប្រែងឲ្យបញ្ហាការទូតនុយក្លេអ៊ែរវិលត្រឡប់មករកតុចរចាវិញ បន្ទាប់ពីបរាជ័យនៅជំនួបលើកទី ២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។

សំណើសម្រាប់ជំនួបត្រីភាគីនេះ បានកើតមានឡើងក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិនៅដើមសប្តាហ៍នេះ ដឹកនាំដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដែលបាននិយាយថា អាទិភាពកំពូលបំផុតរបស់ទីក្រុងសេអ៊ូល គឺការការពារកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ពីការធ្លាក់ជ្រោះ ។

សូមបញ្ជាក់ថា ជំនួបកំពូលលើកទី ២ កាលពីសប្តាហ៍មុននេះ រវាងលោក ត្រាំ និងលោក គីម នៅក្នុងប្រទេសវៀតណាម បានបរាជ័យទាំងស្រុង ដោយសារសហរដ្ឋអាមេរិកបាននិយាយថា កូរ៉េខាងជើងបានទាមទារឲ្យដកទណ្ឌកម្មសេដ្ឋកិច្ចទាំង ស្រុង ដើម្បីជាការដោះដូរនឹងការបិទទីតាំងនុយក្លេអ៊ែរសំខាន់ Yongbyon របស់ពួកគេ ប៉ុន្តែកូរ៉េខាងជើងអះអាងវិញថា ទីក្រុងព្យុងយ៉ាងបានស្នើឲ្យដកទណ្ឌកម្មចំនួន ០៥ ប៉ុណ្ណោះ ក្នុងចំណោមទណ្ឌកម្មទាំង ១១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយថា ទណ្ឌកម្មទាំង ០៥ នោះ គឺបានប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី