ក្រុមស្រាវជ្រាវអាមេរិកបញ្ជាក់ថា កូរ៉េខាងជើងបានសាងសង់ផ្នែកមួយចំនួនឡើងវិញនៃទីតាំងបាញ់គ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាប់រុះរើ

12627

ក្រុមអ្នកស្រាវជ្រាវអាមេរិកនិយាយថា កូរ៉េខាងជើង បានសាងសង់ផ្នែកមួយចំនួនឡើងវិញនៃទីតាំងបាញ់គ្រាប់មីស៊ីល ដែលខ្លួនបានចាប់ផ្តើមរុសរើចោល បន្ទាប់ពីខ្លួនធ្លាប់បានសន្យាថា មិនធ្វើដូច្នោះក្នុងអំឡុងជំនួបកំពូលលើកទីមួយ ជាមួយលោក ដូណាល់ ត្រាំ កាលពីពាក់កណ្តាលឆ្នាំមុន ។

ការសាងសង់នេះ ត្រូវគេអះអាងថា ទំនងជាធ្វើឡើងកាលពីចន្លោះថ្ងៃទី ១៦ ខែកុម្ភៈ និងថ្ងៃទី ០២ ខែមីនា រីឯទីតាំងបាញ់មីស៊ីលនោះមានឈ្មោះថា តុងឆាង ។ ទន្ទឹមនឹងសេចក្តីរាយការណ៍ខាងលើនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអះអាងថា ខ្លួននឹងគិតគូរដាក់ទណ្ឌកម្មថែមទៀតលើប្រទេសកូរ៉េខាងជើង ប្រសិនទីក្រុងព្យុងយ៉ាងមិនព្រមបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនទេនោះ នេះបើតាមការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន ។

ការកត់សម្គាល់បែបនេះរបស់លោក ចន បូលតុន បានកើតមានបន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃទី ២៧-២៨ ខែកុម្ភៈរវាងលោក ត្រាំ និងលោក គីម នៅវៀតណាម បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ដោយសារភាពមិនចុះសម្រុងគ្នា ជុំវិញឆន្ទៈរបស់កូរ៉េខាងជើងក្នុងការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្ម ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី