
ក្លឹបហង្សក្រហម Liverpool បានខិតជិតនាំយកបានតារាឆ្នើម Thomas Lemar របស់ក្លឹប AS Monaco ហើយ។ខ្សែបម្រើជម្រើសជាតិបារាំង មានពាក្យចចាមអារ៉ាមជាច្រើន លើកឡើងថា រូបគេនឹងផ្ទេរទៅ Premier League ខណៈដែល Arsenal និង Liverpool បានប្រជែងគ្នាទិញរូបគេ។ កីឡាករវ័យ២២ឆ្នាំ នៅជាប់កុងត្រាជាមួយ Monaco ២ឆ្នាំទៀត ខណៈដែលក្រុមដែលលេងនៅ Ligue 1 មួយនេះ មិនព្រមលក់រដូវកាលនេះ ប៉ុន្តែក្រោយចប់រដូវកាលនេះ អាចនឹងលក់ចេញ ព្រោះ Lemar មិនមានបំណងចង់បន្តកិច្ចសន្យានោះទេ។
វិបសាយរបស់បារាំង បានចុះផ្សាយថា Lemar ដែលមានតម្លៃខ្លួនប្រហែល ៩០លានផោន ពេលនេះខិតជិតព្រមព្រៀងផ្ទេរទៅកីឡដ្ឋាន Anfield របស់ក្រុម Liverpool នៅរដូវកាលថ្មីហើយ បន្ទាប់ពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភ្នាក់ងារក្លឹបហង្សក្រហម បានចរចាជាច្រើនលើកច្រើនសារ និងទទួលបានសញ្ញាវិជ្ជាមានទាំងជាមួយកីឡាករផ្ទាល់ ក៏ដូចជាក្លឹបផងដែរ។
អ្នកចាត់ការ Jurgen Klopp រំពឹងថា នឹងទិញបាន Thomas Lemar ដើម្បីមកជំនួសតំណែងខ្សែបម្រើ Emre Can ដែលមិនព្រមបន្តកិច្ចសន្យាថ្មី ហើយអាចនឹងចាកចេញទៅក្លឹប Juventus ក្រោយចប់រដូវកាលនេះ។
ដោយ៖ Dara Hunii