រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើឲ្យ ADB ពិនិត្យពិចារណារៀបចំគម្រោងអភិវឌ្ឍអនុវិស័យជលផល ផ្នែកវារីវប្បកម្មនិងការកែច្នៃ ដើម្បីឈានទៅដល់បង្កើនការនាំចេញ

10515

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងរុក្ខប្រម៉ាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៩ បានទទួលជួបលោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិ នៃធនាគារអភិវឌ្ឍអាស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ADB ដើម្បីស្នើសុំការណែនាំ ចង្អុលបង្ហាញ និងការណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្ត្រី ទាំងចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីយកទៅកែលម្អ បំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត របស់គម្រោងដែល ADB បានជួយកន្លងមក និងជាពិសេសសេចក្តីត្រូវការជាអាទិភាពរបស់ក្រសួងដើម្បីអភិវឌ្ឍលើអនុវិស័យនីមួយៗ និងផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍ វិស័យកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានគូសបញ្ជាក់ថា គោលដៅរបស់ក្រសួងរយៈពេលកន្លងមកគឺផ្តោត ជាសំខាន់លើការផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មី នៃកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារបានតម្រូវឲ្យក្រសួងពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួន មកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពលខ្ពស់ដូចជា ដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេសសាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទថ្មីនេះ ។ ដូច្នេះ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យ ADB ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះ ដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យនិងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យ ADB ពិនិត្យពិចារណារៀបចំគម្រោងអភិវឌ្ឍអនុវិស័យជលផល ផ្នែកវារីវប្បកម្ម និងការកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ឈានទៅដល់បង្កើនការនាំចេញ និងជាពិសេសកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ ។ ឯកឧត្តម បានលើកពីចំណុចសំខាន់ នៃផលិតកម្មគោ ដោយផ្តោតលើការបង្កាត់សប្បនិម្មិតពូជគោ ដែលកំពុងមានសក្តានុពលលើទីផ្សារ ហើយដែលជាប្រភពចំណូលសម្រាប់កសិករនៅជនបទយ៉ាងរឹងមាំ។ ដោយឡែក ចំពោះហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលសំដៅជាពិសេសលើការប្រើប្រាស់ទឹកបៃតង ផ្ទះកញ្ចក់ ការធ្វើទំនើបកម្មកសិកម្ម ការធ្វើផលិតកម្មតាមកិច្ចសន្យា និងការគាំទ្រសហការជាមួយវិស័យឯកជនក្នុងការផលិតពូជគ្រិះសុទ្ធ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទាញអារម្មណ៍ឲ្យ ADB ក្រឡេកមើលពីសារៈសំខាន់របស់វា ដែលជាគន្លឹះដ៏សំខាន់ជួយបំពេញបន្ថែមខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងផលិតភាពដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ ។

លោក Jaing Feng Zhang សូមឯកភាពលើការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយពិតជាល្អនិងសំខាន់ សម្រាប់រូបលោក និងសហការី យកទៅពិនិត្យ ពិចារណាផ្តល់ការគាំទ្រ និងជាពិសេសបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍថ្មី ដែល ADB កំពុងចងក្រងសម្រាប់កម្ពុជា ហើយលោកក៏បានបញ្ជាក់ផងដែរថា ADB នឹងបន្តផ្តល់ការគាំទ្រមកក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដើម្បីអភិវឌ្ឍវិស័យនេះកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី