អភិបាលរងរាជធានីភ្នំពេញ ថ្លែងថា ភាពជោគជ័យរបស់កីឡាករម្នាក់ៗទាល់តែផ្សារភ្ជាប់ឲ្យខ្លាំងជាមួយការអប់រំ

26351
  • ភាពជោគជ័យរបស់កីឡាករម្នាក់ៗ ទាល់តែផ្សារភ្ជាប់ជាមួយការអប់រំ នេះជាការលើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ថ្លែងក្នុងពិធីបិទ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំ ២០១៨-២០១៩ កាលពីម្សិលមិញ ។

    ឯកឧត្តម បន្តថា អ្នកកីឡាពូកែក៍អាចក្លាយជាគ្រូពេទ្យ និងវិស្វករជំនាញបានដែរ ដូច្នោះការចាប់យកអាជីពកីឡាក៍ត្រូវតែខិតខំក្រេបជញ្ជក់យកនូវចំណេះបន្ថែមលើជំនាញកីឡា ដើម្បីប្រែក្លាយជាបុគ្គលឆ្នើមជួយជ្រោងគ្រួសារ និងសង្គមនាពេលខាងមុខ ខណៈដែលបច្ចុប្បន្នប្រទេសយើងត្រូវការធនធានមនុស្សយ៉ាងច្រើន ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ។
    ឯកឧត្តម អភិបាលរង បន្ថែមទៀតថា កីឡា គឺជាផ្នែកសំខាន់មួយ ជួយឲ្យរាង្គកាយមួន បញ្ញាឈ្លាសវៃ និងសុខភាពល្អ ជាពិសេសជួយឲ្យយុវជន ជៀសឆ្ងាយពីគ្រឿងញាន និងអំពើឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ។ ដូច្នេះយុវជនត្រូវចូលរួមលេងកីឡាឲ្យបានច្រើន ក៍ត្រូវខិតខំរៀនសូត្រ ដើម្បីបំពេញចំណេះសម្រាប់ជួយខ្លួនឯង នាពេលអនាគត ។ ជាមួយគ្នានេះ ឯកឧត្តម បានចាត់ទុក ការប្រកួតនាពេលនេះ គឺជាភាពវិជ្ជមានមួយ សម្រាប់វិស័យអប់រំកាយ និងកីឡា នៅភ្នំពេញ ក៍ដូចនៅកម្ពុជាដែរ ។

    សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ ដំណើរការប្រកួតពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០១៩ ដោយមាន ៥ ប្រភេទ កីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ ដោយកីឡាករ កីឡាការិនីចូលរួម សរុប ចំនួន ១៤៤៦ នាក់ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី