
យោងតាមសន្និសីទសារព័ត៌មានស្ដីពីពិធីបើកការប្រកួតក្របខណ្ឌ Metfone Cambodian League ឆ្នាំ ២០១៩ បានឲ្យដឹងថាការប្រកួតរដូវកាលថ្មីដែលនឹងចូលមកដល់ថ្ងៃសៅរ៍ទី ១៦ ខែ មីនា ហើយក្នុងនោះក៏មានរឿងរ៉ាវមួយចំនួនដែលទស្សនិកជនគួរដឹង ផងដែរ ។
I. បន្ថែមកីឡាករបរទេសម្នាក់ទៀតនៅកៅអីបម្រុង
អំឡុងពេលប្រកួតគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានៅតែគោរពគោលការណ៍ ៣ + ១ ដដែលដោយឡែកកីឡារបរទេសទី ៥ នោះអាចចុះឈ្មោះក្នុងបញ្ជីការប្រកួតដើម្បីត្រៀមផ្លាស់ប្តូរបាននារដូវកាលថ្មីនេះ ។
II. ពេលវេលាការប្រកួត
ការប្រកួតទាំងអស់មានចំនួនពីរពេលគឺចាប់ពីម៉ោង ៣ៈ៣០ នាទីរសៀល និងមួយពេលទៀតចាប់ផ្ដើមពីម៉ោង ៦ៈ០០ ល្ងាច ។
III. មានក្លឹបចំនួន ១៤ ចូលរួម
គួរឲ្យដឹងផងដែរថានៅរដូវកាលថ្មីឆ្នាំ ២០១៩ នេះមានចំនួន ១៤ ក្លិបចូលរួមប្រកួតប្រជែង ដែលក្រុមទាំងនោះរួមមានដូចជា៖
១/ ណាហ្គាវើលដ៍
២/ បឹងកេត
៣/ វិសាខា
៤/ ក្រសួងការពារជាតិ
៥/ ភ្នំពេញក្រោន
៦/ ព្រះខ័នរាជស្វាយរៀង
៧/ អាស៊ីអឺរ៉ុបយូណាយធីត
៨/ អង្គរថាយហ្គឺរ
៩/ អគ្គស្នងការដ្ឋាននគរបាលជាតិ
១០/ សូលទីឡូអង្គរ
១១/ អគ្គិសនីកម្ពុជា
១២/ គិរីវង់សុខសែនជ័យ
១៣/ មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី
១៤/ ក្លិបកំពង់ចាម
IV. កីឡដ្ឋាន
ចំពោះកីឡដ្ឋានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាមិនអនុញ្ញាតឱ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិអូឡាំពិកទៀតនោះទេ គឺតម្រូវឱ្យក្លិបនីមួយៗរៀបចំកីឡដ្ឋានរៀងៗខ្លួន ដោយក្លិបមួយចំនួនបានកំពុងសាងសង់កីឡដ្ឋានរបស់ខ្លួនទៅតាមស្តង់ដាដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានដាក់ឱ្យនៅក្នុងនោះក្លិបដែលមានកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់ប្រកួតរដូវកាលថ្មីឆ្នាំ ២០១៩ នេះមានដូចជា៖
ក្លិបភ្នំពេញក្រោនដែល ប្រើកីឡដ្ឋាន R.S.N
ក្លិបព្រះខ័នរាជស្វាយរៀង ដែលប្រើកីឡដ្ឋានខេត្តស្វាយរៀង
ក្លិបក្រសួងការពារជាតិ ដែលប្រើកីឡដ្ឋានស្តាតចាស់
ក្លិបបាល់ទាត់វិសាខា ដែលប្រើកីឡដ្ឋានវិសាខា
ក្លិបអាស៊ីអឺរ៉ុបយូណាយធីត ដែលប្រើកីឡដ្ឋាន A.E.U Sport Park
ក្លិបអគ្គិសនីកម្ពុជា ដែលប្រើកីឡដ្ឋានអគ្គិសនីកម្ពុជា
ក្លិបអង្គរថាយហ្គឺរ និង ក្លិបសូលទីឡូអង្គរ ដែលប្រើកីឡដ្ឋានខេត្តសៀមរាប
ក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ 18 ឆ្នាំ ដែលប្រើកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី
ក្លិបគីរីវង់សុខសែនជ័យ ដែលប្រើកីឡដ្ឋានខេត្តតាកែវ
ក្រុមបាល់ទាត់ខេត្តកំពង់ចាមដែលបានប្រើកីឡដ្ឋានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់
ដោយឡែកមានក្លិបចំនួន ៣ ដែលសង់កីឡដ្ឋានមិនទាន់រួចរាល់មានដូចជា៖
ក្លិបណាហ្គាវើល ត្រូវបានយកកីឡដ្ឋានស្តាតចាស់ធ្វើជាកីឡដ្ឋានផ្ទាល់ខ្លួនបណ្តោះអាសន្នសិន ។ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយកីឡដ្ឋានក្រុមហ៊ុន 7NG កំពុងស្ថិតក្នុងការសាងសង់ក៏ត្រូវបានយកកីឡដ្ឋានអគ្គិសនីកម្ពុជាធ្វើជាកីឡដ្ឋានផ្ទាល់ខ្លួនបណ្តោះអាសន្នក្នុងការប្រកួតជើងទី ១ ការប្រកួតលីកក្នុងពានរង្វាន់ Metfone Cambodian League រដូវកាលថ្មី ២០១៩ និងការប្រកួតជើងទី ២ ក្លិបនឹងយកកីឡដ្ឋានក្រុមហ៊ុន 7NG ធ្វើជាកីឡដ្ឋានផ្ទាល់ខ្លួនវិញ ។ ដោយឡែកឯក្លិបបឹងកេត ដែលកីឡដ្ឋានផ្ទាល់ខ្លូនកំពុងសាងសង់ និងបានរួចរាល់ក្នុងរយៈ ២ ខែខាងមុខក៏ត្រូវបានខកខានការប្រកួតក្នុងទឹកដីរបស់ខ្លួន ៣ ប្រកួតដំបូង ។ ក្លិបបឹងកេតក៏បានស្នើមកគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហើយក្លិបទាំងអស់ក៏បានយល់ព្រមការស្នើដើម្បីលើកទី ៣ ប្រកួតក្នុងទឹកដីដំបូងរបស់ខ្លួនទៅប្រកួតជាក្រុមភ្ញៀវវិញ ។
V. ការរូបមន្តគិតចំណាត់ថ្នាក់
ក្នុងករណីបើក្លិបណាមួយមានពិន្ទុស្មើគ្នាគឺគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាគិតទៅលើ៖
១/ គ្រាប់ចំណេញ
២/ គ្រាប់ស៊ុតចូល
៣/ Head to Head
៤/ តាមពិន្ទុ Fair Play
ក្លិបមានពិន្ទុច្រើនជាងគេក្រោយចប់ការប្រកួតវិលជុំទាំងអស់នឹងក្លាយជាជើងឯកតែម្ដង ៕
ដោយ៖តារា