កូរ៉េខាងជើង ជួបវិបត្តិខ្វះស្បៀងខ្លាំងបំផុត ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ

29015
  • របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានចេញផ្សាយថា នៅឆ្នាំ ២០១៩ នេះ កូរ៉េខាងជើងកំពុងជួបវិបត្តិខ្វះស្បៀងអាហារដ៏អាក្រក់បំផុត នៅរយៈពេល ១ ទសវត្សរ៍មកនេះ ។

    របាយការណ៍របស់ UN ចេញផ្សាយដោយសារព័ត៌មាន CNN កាលពីថ្ងៃទី ៦ មីនាម្សិលមិញថា ផលិតកម្មស្បៀងអាហាររបស់កូរ៉េខាងជើងត្រូវបានធ្លាក់ចុះក្នុងកម្រិតមួយទាបបំផុតក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ ដែលបណ្ដាលឲ្យមនុស្សរាប់លាននាក់មិនបានបរិភោគគ្រប់គ្រាន់ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ។ ប្រភពថា ផលិតកម្មអាហារធ្លាក់ចុះ ៩% ក្នុងឆ្នាំ ២០១៨ ធៀបនឹងឆ្នាំ ២០១៩ ដោយថយចុះពី ៥.៤៥ លានតោន មកត្រឹមតែ ៤.៩៥ លានតោនប៉ុណ្ណោះ ។ ការថយចុះនេះកើតឡើងដោយសារ កង្វះនៃដីកសិកម្ម កង្វះនូវឧបករណ៍កសិកម្មទំនើបៗ និងជី ព្រមទាំងគ្រោះធម្មជាតិដែលកើតឡើងជាញឹកញយ ។ ប្រភពបន្ថែមទៀតថា មនុស្សប្រមាណ ១១ លាននាក់ ( ត្រូវនឹងជាង ៤៤% នៃប្រជាជនសរុប ) រស់នៅដោយខ្វះអាហារូបត្ថម្ភ ។ កូរ៉េខាងជើងបានជួបប្រទះនូវគ្រោះទុរ្ភិក្សជាច្រើនសារ ដោយប្រជាជនប្រមាណ ១០% ត្រូវបានប៉ាន់ស្មានថា បាត់បង់ជីវិត ។

    កង្វះអាហារនេះត្រូវបានពិភពលោក ជាពិសេស លោកខាងលិច ចោទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងអតីតមេដឹកនាំមុនៗមិនយកចិត្តទុកដាក់លើស្ថានភាពប្រជាជន ហើយចំណាយទឹកប្រាក់សន្ធឹកសន្ធាប់លើកម្មវិធីអាវុធនុយក្លេអ៊ែរច្រើន ។ គួរបញ្ជាក់ថា របាយការណ៍នេះបានចេញផ្សាយ ក្រោយពេលដែលមេដឹកនាំអាមេរិកនិងមេដឹកនាំកូរ៉េខាងជើងបរាជ័យក្នុងជំនួបកំពូលលើកទីដោយគ្មានការចុះកិច្ចព្រមព្រៀង នៅវៀតណាម ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី