Manchester City ត្រូវបាន UEFA បើកការស៊ើបអង្កេតសម្រាប់ការចំណាយច្រើនជាងចំណូល

7703

ក្លឹបមេឃខៀវ Manchester City កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការរំលោភបំពានលើបទបញ្ជាហិរញ្ញវត្ថុ Fair Play របស់ UEFA (FFP) ។

UEFA បានចេញសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ថាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លឹប Manchester City ត្រូវបានគេពិនិត្យមើលឃើញថាបានរំលោភលើបទបញ្ជារបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ( UEFA ) ដែលគេរកឃើញថាមានការចំណាយលើសចំណូលដែលខុសទៅនឹងច្បាប់ FFP ( ច្បាប់ដែលមិនអនុញ្ញាតឱ្យក្លឹបចាយលើសចំណូល ) ។

សេចក្តីថ្លែងការណ៍របស់ UEFA បាននិយាយថា៖ ” ក្រុមស៊ើបអង្កេតនៃ UEFA អំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្លឹបបានបើកការស៊ើបអង្កេតជាផ្លូវការមួយទៅលើក្រុម Manchester City FC សម្រាប់ការរំលោភបំពានលើបទបញ្ជាហិរញ្ញវត្ថុ Fair Play (FFP) . ការស៊ើបអង្កេតនឹងផ្តោតលើការរំលោភបំពានមួយចំនួននៃ FFP ដែលថ្មីៗនេះត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ។ UEFA នឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតលើបញ្ហានេះទេ ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត ” ។

ទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel បានធ្វើការចោទប្រកាន់ចំៗចំពោះក្លឹប Manchester City កាលពីឆ្នាំមុននៅក្នុងអត្ថបទជាច្រើនដែលត្រូវបានផ្អែកលើពត៌មានដែលទទួលបានពីអ្នកទម្លាយការសម្ងាត់ ។ ការបោះពុម្ភផ្សាយនេះបានលើកឡើងថាក្នុងអំឡុងពេលដឹកនាំរបស់ម្ចាស់ក្លឹបលោក Sheikh Mansour បានបង្កើនការឧបត្ថម្ភទឹកប្រាក់រាប់លានផោនជាមួយក្រុមហ៊ុន Abu Dhabi ដោយប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់របស់ម្ចាស់ក្លឹប ដែលធ្វើឱ្យពួកគេប្រព្រឹត្តផ្ទុយទៅនឹងបទបញ្ជា FFP របស់ UEFA ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី