គ្រូបង្គោលជម្រើសជាតិកម្ពុជា បង្ហាញមូលហេតុមិនជ្រើសរើសកីឡាករឈុតធំ ក្នុងជំនួបប៉ះបង់ក្លាដេស

21801
  • គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាលោក Felix Gonzalez Dalmas បានបង្ហាញពីមូលហេតុដែលជ្រើសរើសកីឡាករយុវជនចូលរួមប្រកួតក្នុងជំនួបមិត្តភាពជាមួយក្រុមបង់ក្លាដែស ដោយមិនជ្រើសរើសឈុតធំ នៅថ្ងៃស្អែកនេះ ។

    គ្រូបង្វឹកដែលជួយឲ្យ U22 កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងព្រឹត្តិការណ៍ AFF U22 LG CUP 2019 រូបនេះបាននិយាយថា៖ ” កីឡាករខ្សែប្រយុទ្ធល្អៗពីមុននោះ ពួកគេពិតជាធ្វើបានល្អនៅមុខទីនិងមិនមានភាពតានតឹងនៅតំបន់បញ្ចប់ទីដោយពួកគេមានបទពិសោធន៍ច្រើនក្នុងការស៊ុតបញ្ចូលទី ដូច្នេះយើងត្រូវការផ្តល់ឳកាសដល់កីឡាករយុវជនដូចគ្នាដើម្បីឱ្យពួកគេមានបទពិសោធន៍កាន់ល្អក្នុងពេលអនាគត ។ សម្រាប់កីឡាករចាន់ វឌ្ឍនាកា គឺយើងមានផលវិបាកឱ្យមកចូលរួមក្រុមដោយសារការប្រកួតនេះមិនចំថ្ងៃ FIFA Day ទើបមិនអាចកោះហៅមកចូលរួមក្រុមជម្រើសជាតិបាន ” ។

    លោក Felix ក៏បានបន្ថែមថាលោកធ្លាប់បាននិយាយរួចហើយថាតួនាទីរបស់លោកគឺធ្វើយ៉ាងណាឱ្យកីឡាករកម្ពុជាមានការរីកចម្រើនដូច្នេះលោកសង្ឃឹមថា អ្នកគាំទ្រនិងអាចមើលឃើញនិងយល់ពីស្ថានភាពនាពេលបច្ចុប្បន្ន ហើយអ្វីដែលសំខាន់លោកជឿជាក់លើកូនក្រុមរបស់លោក ថាពួកគេនឹងធ្វើបានល្អនាពេលអនាគត និងឱ្យអ្នកគាំទ្រមើលការប្រកួតរបស់ពួកគេកាន់តែទាក់ទាញ ។

    សូមរំលឹកផងដែរថា ក្រុមគោព្រៃកម្ពុជា របស់យើងនឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលក្រុមភ្ញៀវ បង់ក្លាដេស ក្នុងជំនួបមិត្តភាពលក្ខណះអន្តរជាតិ នាវេលាម៉ោង ៦ៈ៣០ នាទីរសៀលស្អែកនេះ ខណះសំបុត្រចូលរួមទស្សនាដោយផ្ទាល់មានដាក់លក់នៅពហុកីឡដ្ឋានផ្ទាល់តែម្ដង ដោយសំបុត្រកន្លែងអង្គុយធម្មតា ៥,០០០ រៀល និងកន្លែង VIP ត្រឹមតែ ១០,០០០ រៀលប៉ុណ្ណោះ ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី