
លោក Carlo Ancelotti បាននិយាយថាគាត់នឹងលោតពីលើស្ពានសម្លាប់ខ្លួនតែម្ដង ប្រសិនបើខ្លួនជាអ្នកចាត់ការរបស់ក្លឹប Paris Saint-Germain បន្ទាប់ពីធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើង Manchester United ។
Paris Saint-Germain បាននាំមុខក្នុងលទ្ធផលជាទីគាប់ចិត្ត ២-០ ក្នុងកីឡដ្ឋាន Old Trafford នៃជំនួបជើងទីមួយ ខណៈដែលម្ចាស់ជើងឯកបារាំងមួយបានធ្លាក់ចេញពីពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបត្រឹមវគ្គ ១៦ ក្រុមនេះទៅវិញ បន្ទាប់ពីរងបរាជ័យស្ទើរមិនគួរឲ្យជឿនៅក្នុងទឹកដីរបស់ខ្លួន ដោយភ្លាតចាញ់ក្រុមបីសាចក្រហម Manchester United ក្នុងលទ្ធផល ១-៣ ទៅវិញនៅក្នុងជំនួបជើងទីពីរ ។
នៅពេលត្រូវបានសួរអំពីការធ្លាក់ចេញពី UCL របស់ PSG គ្រូបង្វឹករបស់ក្លឹប Napoli លោក Ancelotti ដែលធ្លាប់បានដឹកនាំក្លឹបយក្សរបស់បារាំងមួយនេះនៅក្នុងក្របខ័ណ្ឌ Ligue 1 ចន្លោះឆ្នាំ ២០១១-២០១៣ បានបង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការបរាជ័យនោះ ខណះក្រុមរបស់លោកបានទទួលជ័យជំនះយ៉ាងជាទីគាប់ចិត្តនៅក្នុងពានរង្វាន់ក្របខ័ណ្ឌ Europa League ដោយបំបាក់ក្រុមខ្លាំងរបស់អូទ្រីស Red Bull ក្នុងលទ្ធផលរហូតដល់ ៣-០ ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយតាមរយៈ Sky Sport Italia ថា៖ ” វាពិតជាមិនគួរឱ្យជឿ ។ មិនគួរឱ្យជឿទាល់តែសោះ ។ ប្រសិនបើខ្ញុំបានលេងជាកីឡាករបម្រុងនៅ PSG ខ្ញុំមិនដឹងថាខ្ញុំនឹងធ្វើអ្វីនោះទេ ។ ប្រហែលជាត្រូវរកឃើញស្ពានដែលនៅជិតបំផុតហើយលោតស្លាប់ខ្លួនតែម្ដង ” ៕
ដោយ៖តារា