បន្ទាប់ពីមានជម្លោះ ម្ចាស់ក្លឹប Real Madrid លោក Perez ព្រមានលក់ Ramos ចេញនៅរដូវកាលក្រោយ

8369

ម្ចាស់ក្លឹប Real Madrid លោក Florentino Perez និងប្រធានក្រុម Sergio Ramos បានឈ្លោះគ្នាយ៉ាងខ្លាំងរហូតដល់ធ្វើឱ្យលោក Perez បានចង្អុលមុខនិងព្រមានដេញ Ramos ចេញពីក្លឹបនៅចុងរដូវកាលនេះថែមទៀតផង ។ ហេតុការណ៍នេះបានកើតឡើងក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុម Real Madrid ក្រោយពេលក្រុមអធិរាជសបានបរាជ័យធ្លាក់ចេញពីពានរង្វាន់ UEFA Champions League រដូវកាលនេះ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ក្លឹបហូឡង់ Ajax ។

នៅពេលកូនក្រុមកំពុងតែបាក់ទឹកចិត្តនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទាំងមុខស្អុយប៉ែរស្រាប់តែប្រធានក្រុមកីឡាករ Sergio Ramos ដែលមិនបានចូលលេងនៅជើងទី ២ ក្នុងជំនួបជាមួយក្រុម Ajax ដោយរងពិន័យពីសហព័ន្ធបាល់ទាត់អឺរុបរឿងចេតនាទទួលបានកាតលឿងនោះបានចូលទៅនិយាយលួងលោមមិត្តរួមក្រុមរបស់ខ្លួន ។  ប៉ុន្តែស្របពេលដែលប្រធានក្រុមសញ្ជាតិអេស្ប៉ាញរូបនេះកំពុងតែណែនាំលើកទឹកចិត្តកូនក្រុមនោះប្រធានក្លឹបលោក Perez បានបានចូលទៅដល់ហើយបន្ទោសកីឡាករទាំងអស់ថាលទ្ធផលបរាជ័យនេះគឺមកពីពួកគេ ។ Ramos បានព្យាយាមបកស្រាយថាបរាជ័យនោះមិនមែនមកពីកីឡាករទាំងស្រុងនោះទេ វាក៏មានកត្តាផ្សេងដែរ ។ តែលោក Perez បានបានច្រលោតហើយងាកទៅបន្ទោសលើ Ramos ខ្លាំងជាងគេថាមកពីអវត្តមានដោយសារទង្វើឆ្កួតឡប់របស់គេទើបក្លឹបមានស្ថានភាពបែបនេះ ។ លោក Perez បានថែមទាំងចង្អុលមុខហើយព្រមានលក់ Ramos ចេញនៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារនារដូវក្ដៅផងដែរ ។

ពេលនោះ Ramos បានតបទាំងកំហឹងដែរថាបើលោក Perez ចង់បណ្តេញខ្លួនចេញគឺត្រូវតែបង់ប្រាក់ឱ្យខ្លួនទាំងអស់ព្រោះថាកុងត្រារបស់គេនឹងត្រូវផុតរហូតដល់ឆ្នាំ ២០២១ ឯណោះ ។ ព្រឹត្តិការណ៍នាពេលនោះកើតឡើងនៅចំពោះមុខក្រុមគ្រូបង្វឹកបុគ្គលិកផ្នែកសុខភាពនិងកីឡាករទាំងអស់ ។ ជាការកត់សម្គាល់របស់ក្លិប Real Madrid ពេលនេះបានធ្លាក់ចូលក្នុងស្ថានភាពមួយដែលកីឡាករកំពុងបាក់ទឹកចិត្ត ហើយកំហឹងរបស់ម្ចាស់ក្លឹបមកកាន់កីឡាករបែបនេះវានឹងរឹតែធ្វើឱ្យកីឡាករគ្មានទឹកចិត្តចង់លេងបន្តនោះទេ ។ មួយវិញទៀតប្រសិនបើលោក Perez បានសម្រេចលក់ Ramos ចេញនោះក្រុម Real Madrid ប្រាកដជាធ្លាក់ទៅក្នុងស្ថានភាពកាន់តែយ៉ាប់ជាងនេះទៅទៀត ។

ត្បិតតែមានអត្តចរិតរាងក្អេងក្អាងបន្តិច ប៉ុន្តែតាំងពីចូលក្លឹប Real Madrid កាលពីឆ្នាំ ២០០៥ មក ខ្សែការពារ Sergio Ramos ក៏ជាឆ្អឹងខ្នងដ៏សំខាន់ជួយឱ្យក្រុម Real Madrid ក្លាយជាជើងឯកក្របខ័ណ្ឌ La Liga ចំនួន ៤ ដងនិង UEFA Champions League ចំនួន ៤ ដងរួមនឹងពានរង្វាន់ធំៗផ្សេងជាច្រើនទៀត ៕

ដោយ៖តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី