
លោក Gus Poyet បាននិយាយថាការប្រៀបធៀបកីឡាករ Gareth Bale ទៅនឹងកីឡាករ Cristiano Ronaldo គឺមិនយុត្តិធម៌ទេសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិវេលដ៍រូបនេះ ។ Gareth Bale ស្ថិតក្នុងរដូវកាលទី ៦ របស់គាត់ជាមួយនឹងក្លឹប Real Madrid និងបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៤ ដង , ពានរង្វាន់ Super Cup ចំនួន ៣ លើក , Club World Cup ៣ ដង និងពានរង្វាន់ La Liga ចំនួន ១ ដងផងដែរ ។
Real Madrid កំពុងតែជួបរដូវកាលដ៏លំបាកមួយក្រោយពីការចាកចេញរបស់តារាជើងស៊ុត Cristiano Ronaldo ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus កាលពីដើមរដូវក្ដៅ ខណះភាពតានតឹងកំពុងកើនឡើងខ្លាំងនៅរដ្ឋធានីអេស្ប៉ាញ បន្ទាប់ពីបាត់បង់ពានរង្វាន់ចំនួន ៣ ក្នុងពេលត្រឹមតែមួយសប្ដាហ៍ ។
ការចាញ់ក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងជំនួប EL Clasico ទាំងពីរលើក ជាពិសេសការបរាជ័យយ៉ាងអាម៉ាស់បំផុតក្នុងលទ្ធផល ៤-១ នៅក្នុងផ្ទះរបស់ខ្លួនក្រោមថ្វីជើងក្រុមខ្លាំងរបស់ហូឡង់ Ajax ដោយបណ្ដាលឲ្យធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្នុងនាមខ្លួនជាក្រុមការពារតំណែងជើងឯក ហើយការបរាជ័យដ៏ធ្ងន់ធ្ងនេះបានធ្វើឲ្យតំណែងរបស់លោក Santiago Solari កាន់តែស្ថិតនៅក្នុងសម្ពាធខ្លាំងឡើងៗ ។
ថ្លែងប្រាប់ Goal លោក Poyet បាននិយាយថា៖ ” បញ្ហាចម្បងជាមួយ Gareth គឺថារូបគេកំពុងលេងនៅ Real Madrid ហើយភ្លាមៗនោះកីឡាករ Cristiano Ronaldo បានចាកចេញ មនុស្សចង់ឱ្យគាត់ក្លាយជា Ronaldo ។ គាត់មិនដូចគ្នាទេ គាត់ជា Gareth Bale ” ។
លោកបន្តថា៖ ” យើងគិតថាអ្នកខ្លះនឹងត្រូវឡើងទៅជំនួសតួនាទីរបស់កីឡាករ Cristiano Ronaldo ហើយគ្មាននរណាម្នាក់ក្នុងពិភពលោកអាចធ្វើបាននោះទេ អ្នកមិនអាចនាំយកនរណាម្នាក់ដូច Ronaldo បាននោះទេ វាមិនយុត្តិធម៌ទេសម្រាប់ Bale ” ៕
ដោយ៖តារា